ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនជនសង្ស័យ ១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត១គីឡូក្រាមទៅកាន់តុលាការ

ចែករំលែក៖

ភ្នំពេញ ៖ តំណាងអយ្យការបើកការស៊ើបសួរ លើសុំណុំរឿង នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ១នាក់ រឹបអូសគ្រឿងញៀនជិត ១គីឡូក្រាមបញ្ជូនទៅកាន់តុលាការ។

សូមរំលឹកថា ដោយការអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់  ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង១៥:៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០)ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ  លោក តឹក សូនី នាយការិយាល័យ ចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្រ្កាបនៅចំណុច ផ្លូវលេខ៤ ផ្ទះលេខ៣៩(បូរីលឹមឈាងហាក់) ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

  ជាលទ្ធផល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ អេន សុជាតិ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។

     ក្នុងនោះ វត្ថុតាងចាប់យកបាន មេតំហ្វេតាមីន(ICE)ទម្ងន់ ៦៦៨.៣៩ក្រាម ,សារធាតុមិនច្បាស់លាស់ ១៦៤៦.៥៧ក្រាម,កាំភ្លើងខ្យល់០៣ដើម ,ជញ្ជីងថ្លឹងគ្រឿងញៀន០៣គ្រឿង ។

បច្ចប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖