ព័ត៌មានទាន់ហេតុការណ៍៖

មានកម្មករក្នុងការដ្ឋានសំណង់នៃរោងចក្រស៊ីកូម្នាក់រកឃើញមេរោគកូវីដ-១៩បំប្លែងថ្មី Delta និងជាងអ៊ុតសក់ ម្នាក់នៅក្នុងផ្សារវាលយន្តក៏រកឃើញមេរោគកូវីដ-១៩បំប្លែងថ្មីDeltaដូចគ្នាដែរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀងបានចេញសេចក្ដីជូនដំណឹងថា មានកម្មករក្នុងការដ្ឋានសំណង់នៃរោងចក្រស៊ីកូម្នាក់ត្រូវបានរកឃើញមេរោគកូវីដ-១៩បំប្លែងថ្មី Delta  និងជាងអ៊ុតសក់ម្នាក់នៅក្នុងផ្សារវាលយន្តក៏រកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មី Delta ដូចគ្នាដែរ។

ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀងបញ្ជាក់ទៀតថា ក្នុងការដ្ឋានសំណង់របស់រោងចក្រស៊ីកូ មានកម្មករសំណង់ម្នាក់ត្រូវបានរកឃើញមេរោគកូវីដ-១៩បំប្លែងថ្មី Delta។ ដូច្នេះបើបងប្អូនប្រជាពលរដ្ឋដែលពាក់ពន្ធ័នៅថ្ងៃវិជ្ជមានដំបូងថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ។

  ចំណែកនៅទីតាំងទី២ ហាងអ៊ុតសក់ក្នុងផ្សារវាលយន្តក្រុងស្វាយរៀង មានជាងអ៊ុតសក់ម្នាក់ត្រូវបានរកឃើញមេរោគកូវីដ-១៩បំប្លែងថ្មី Deltaដែរ ដោយថ្ងៃវិជ្ជមានដំបូងគឺថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២១។ សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងទាំងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុន សែន និងត្រូវស្ម័គ្រចិត្តទៅយកវត្ថុវិភាគសំណាកនៅតាមទីតាំងយកសំណាកនៅជិតផ្ទះ ។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩   ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

ដោយ៖យឹម សុថាន


ចែករំលែក៖