ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល២ថ្ងៃ! សមត្ថកិច្ចបំផ្លាញឧបករណ៍ចាប់ត្រី របាំងស្បៃមុង និងរបាំងសាច់អួន១៨ខ្សែ និងសង្រ្គោះត្រី៨៥គីឡូក្រាម

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង រួមសហការនគរបាលស្រុក យោធា បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផល ដោយបំផ្លាញចោលនូវឧបករណ៍ដែលជាវត្ថុតាង និងចាក់លែងត្រីចម្រុះចូលទឹកបឹងធម្មជាតិ(ទន្លេសាប)ផងដែរ ។

 កម្លាំងសហការចុះត្រួតពិនិត្យ និងបង្រ្កាបខាងលើ បានធ្វើឡើងនៅថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចកោះតាកោ ស្ថិតនៅភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ លទ្ធផលៈ រុះរើបំផ្លាញចោលនូវរបាំងសាច់អួន និងរបាំងស្បៃមុងចំនួន៨ខ្សែ ស្មើនឹងប្រវែងចំនួន១.៨៥០ម៉ែត្រ ក្បាលបរ និងលូកងស្បៃមុងចំនួន១១គ្រឿង បង្គោលចំរឹងចំនួន៦២០ដើម ថែមទាំងចាក់លែងត្រីចម្រុះទម្ងន់ចំនួន៣០គីឡូក្រាម។ 

 លុះនៅថ្ងៃបន្ទាប់ គឺថ្ងៃទី២១ នេះ បានធ្វើឡើងនៅចំណុចបឹងវែង ស្ថិតនៅភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀងដដែល លទ្ធផលៈ រុះរើបំផ្លាញចោលនូវរបាំងស្បៃមុងចំនួន១០ខ្សែ ស្មើនឹងប្រវែងចំនួន១.៨០០ម៉ែត្រ លូកងស្បៃមុងចំនួន២១មាត់ បង្គោលចំរឹងចំនួន៦០០ដើម និងចាក់លែងត្រីទម្ងន់ចម្រុះចំនួន៥៥គីឡូក្រាមថែមទៀត ដូច្នេះសរុបទាំងចំនួនពីរថ្ងៃ លទ្ធផលៈ របាំងស្បៃមុង និងរបាំងសាច់អួនចំនួន១៨ខ្សែ ស្មើនឹងប្រវែងចំនួន២.៦៥០ម៉ែត្រ ក្បាលបរ និងលូកងស្បៃមុងចំនួន២១គ្រឿងឬមាត់ បង្គោលចំរឹងចំនួន១.២២០ដើម ចាក់លែងត្រីចំរុះទម្ងន់ចំនួន៨៥គីឡូក្រាម នេះបើតាមការបញ្ជាក់ពីកម្លាំងសហការដែលបានចុះផ្ទាល់ ។

 គួររំលឹកថា ក្នុងចន្លោះចាប់ពីរដូវបិទនេសាទ រហូតកៀកបើកនេសាទនេះ កម្លាំងស្ថាប័នជំនាញពាក់ព័ន្ធទូរទាំងខេត្ត បានចុះត្រួតពិនិត្យ និងបង្រ្កាបនូវឧបករណ៍ចាប់ត្រី របាំងស្បៃមុង និងរបាំងសាច់អួន បានច្រើនយ៉ាងសន្ធឹកសន្ធាប់គួរឲ្យចាប់អារម្មណ៍បើសិនជាសមត្ថកិច្ចពាក់ព័ន្ធឬអាជ្ញាធរមានសមត្ថកិច្ច ខេត្តជុំវិញបឹងទន្លេសាបចុះអនុវត្តការងារក្ដៅដូចគ្នាដែរ ពិតជាល្អប្រសើរ និងមានការគាំទ្រពីមជ្ឃដ្ឋានខ្លាំងតែម្ដង ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖