ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីជូនដំណឹង សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន ម្ចាស់យានយន្តធុនធ្ងន់ និងរថយន្តក្រុមហ៊ុនដឹកជញ្ជូនគ្រប់ប្រភេទ មេត្តាជ្រាបជាព័ត៌មាន

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា, យោងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាស កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ ដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងបន្តទទួលរងនូវ ឥទ្ធិពល នៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ធ្វើឱ្យមានភ្លៀងជាបន្តបន្ទាប់ក្នុងកម្រិតពីតិច ទៅមធ្យម ។

រដ្ឋបាលខេត្តកំពង់ចាម  សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន និងបងប្អូន ម្ចាស់រថយន្តធុនធ្ងន់ និងរថយន្តក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ឱ្យបានជ្រាបថា ៖ បច្ចុប្បន្ន ខេត្តកំពង់ចាម កំពុងទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា ដែលបណ្តាលឱ្យភូមិសាស្ត្រក្នុងខេត្តកំពង់ចាមមួយចំនួន រងផលប៉ះពាល់ជំនន់ទឹកភ្លៀង ធ្វើឱ្យជន់លិចផ្លូវខេត្ត និងផ្លូវជាតិមួយចំនួន ធ្វើឱ្យខូចផ្លូវ និងអាចបង្កឱ្យមាន គ្រោះថ្នាក់ ក្នុងការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៧នេះ ។ ដើម្បីធានាបាននូវសុវត្ថិភាពរបស់បងប្អូន ប្រជាពលរដ្ឋ និងទប់ស្កាត់ការរងខូចខាតផ្លូវជាតិ រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការបិទកំណាត់ផ្លូវលេខ៧ នៅ ត្រង់ចំណុចបង្គោលលេខ៨៩ ដល់បង្គោលលេខ៩១ ស្ថិតក្នុង ភូមិខិ្វតធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ជាបណ្ដោះ អាសន្ន និងមិនអនុញ្ញាតឱ្យរថយន្តធុនធ្ងន់ និងរថយន្តក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទឆ្លងឡើយ ។

ចំពោះបងប្អូនប្រជាពលរដ្ឋសាធារណជន និងបងប្អូនម្ចាស់រថយន្តធុនធ្ងន់គ្រប់ប្រភេទ ដែលធ្វើ ដំណើរចេញពីក្រុងកំពង់ចាម និងស្រុកកំពង់សៀម ឆ្លងកាត់ក្នុងភូមិសាស្ត្រដូចបានបញ្ជាក់ខាងលើ ឆ្ពោះទៅ ស្រុក ជើងព្រៃ និងរាជធានីភ្នំពេញ ត្រូវវៀងតាមផ្លូវជាតិលេខ៦០ (ផ្លូវទឹកឆា) ឬធ្វើដំណើរតាមផ្លូវជាតិលេខ៧០ ត្រង់កែង ផ្សារព្រៃទទឹង និងផ្លូវខេត្តលេខ២៧០ ឆ្លងកាត់តាមស្រុកកងមាស ឆ្ពោះទៅរកាកោង ខេត្តកណ្តាល ។

ដើម្បីជៀសវាងការបង្កឱ្យខូចខាតផ្លូវជាតិ កំណាត់ផ្លូវជាតិលេខ៧ ដែលកំពុងរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងនេះ សូមបងប្អូនម្ចាស់យានយន្តធុនធ្ងន់គ្រប់ប្រភេទ និងក្រុមហ៊ុនដឹកជញ្ជូន នានា ដែល កំពុងចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៧ សូមផ្អាកការធ្វើចរាចរណ៍តាមកំណាត់ផ្លូវខាងលើ ចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន ម្ចាស់រថយន្ត ធុនធ្ងន់ និងរថយន្តក្រុមហ៊ុនដឹកជញ្ជូនគ្រប់ប្រភេទ មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖