ខេត្តបាត់ដំបង៖ ឪពុកទៅបេះផ្លែអំពិលយកមកស្ល កូនស្រីរត់តាមក្រោយ ស្រាប់តែកូនចុះលេងទឹកប្រឡាយបណ្តាលឲ្យលង់ស្លាប់។នគរបាលជំនាញស្រុកគាស់ក្រឡបានឲ្យដឹងថា ករណីក្មេងស្រីលង់ទឹកស្លាប់នេះបានកើតឡើងនៅវេលាម៉ោង ០៦និង០០នាទី ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចឆក រការ ក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
សមត្តកិច្ចជំនាញបានបន្តថា កុមារីរងគ្រោះដែលលង់ទឹកស្លាប់មានឈ្មោះ សំបាន ធារ៉ា ភេទស្រី អាយុ ១៦ខែ រស់នៅជាមួយឳពុក ម្តាយក្នុងភូមិ-ឃុំកើតហេតុខាងលើ។
តាមការបំភ្លឺពីម្ដាយឈ្មោះ ហឿត លីន ភេទស្រី អាយុ ២៧ឆ្នាំ ត្រូវជាម្ដាយបង្កើតក្មេងស្រីរងគ្រោះបានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុខ្លួនបានប្រើប្តីរបស់ខ្លួនឲ្យទៅបេះផ្លែអំពិលដែលនៅចម្ងាយប្រមាណ ២០ម៉ែត្រពីផ្ទះដើម្បីយកមកស្លម្ជូរ ពេលនោះពេលដែលប្តីគាត់ដើរទៅបេះអំពិល កូនស្រីរងគ្រោះបានរត់ទៅជាមួយតាមក្រោយ រហូតដល់បេះផ្លែអំពិលបានហើយយកមកស្ល បានបន្តិច ម្ដាយក៏ឆ្ងល់បាត់កូនស្រីក៏ភ្ញាក់ផ្អើលទាំងប្តី និងប្រពន្ធនាំគ្នារត់រក លុះទៅមើលក្នុងប្រឡាយទឹកដែលឋិតនៅជិតដើមអំពិលដែរនោះ ក៏បានឃើញកូនអណ្តែតទឹកស្លាប់បាត់ទៅហើយ។
ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យហើយបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកថប់ផ្លូវដង្ហើមពិតប្រាកដមែន បន្ទាប់ពីសមត្តកិច្ចជំនាញបានពិនិត្យរួចក៏បានប្រគល់សពកុមារីរងគ្រោះឱ្យទៅឪពុកម្តាយបន្តរៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស សារ៉េត