ខេត្តសៀមរាប៖ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណចំពោះលោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC ដែលបានឧបត្ថម្ភថវិកា ៣០.០០០ដុល្លារ ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់រៀបចំគ្រែជូនអ្នកជំងឺក្នុងមណ្ឌលព្យាបាលកូវីដ-១៩ ក្នុងក្រុងសៀមរាប។
លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើងថា, ក្នុងគ្រាដ៏លំបាកនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងអាជ្ញាធរខេត្ត ពិតជាសូមថ្លែងអំណរគុណ និងសូមជូនពរ លោកឧកញ៉ា ទៀ វិចិត្រ ភរិយា ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបជូនថា រដ្ឋបាលខេត្តសម្រេចបិទបន្តផ្សារដំដែក ស្ថិតនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនជំងឺកូវីដ-១៩ ខេត្តសៀមរាប ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ២ (ពីរ)សប្តាហ៍ ចាប់ពី ថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៤៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៨,៣៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៤៧,៦១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
ដោយ ៖ សិលា