ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត Toyota Prius យ៉ាងលឿនខ្វះការប្រុងប្រយ័ត្នធ្វើឱ្យរេចង្កូតឡើងលើចិញ្ចើមផ្លូវទៅបុកសសរសំយាបផ្ទះប្រជាពលរដ្ឋបាក់អស់មួយដើមធ្លាក់សំយាបចុះដល់ដី រួចបន្តទៅបុកទម្លុះជញ្ជាំងផ្ទះលក់ចាប់ហួយបន្ថែមទៀត បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង៣០ នាទីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបរមានឈ្មោះ មាស សុខសាន្ត ភេទប្រុសអាយុ៤០ឆ្នាំ ស្នាក់នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។ ចំណែកជនរងគ្រោះមានឈ្មោះខាន់ រដ្ឋា អាយុ៥៧ឆ្នាំ មុខរបរលក់ដី ស្នាក់នៅភូមិកេីតហេតុខាងលេី។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AI-1802 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿន។ ខណៈបើកមកដល់ត្រង់ចំណុចកើតហេតុសង្ស័យថាងងុយដេកងោកមួយភាំងក៏រេចង្កូតទៅស្ដាំដៃឡើងលើចិញ្ចើមផ្លូវជ្រុលទៅបុកសសរបេតុងសំយាបផ្ទះគេបាក់មួយដើម រួចបន្តទៅបុកទម្លុះជញ្ជាំងផ្ទះលក់ចាប់ហួយបណ្ដាលឱ្យបុរសម្នាក់ដែលកំពុងឈរបើកទ្វារដើម្បីលក់ដូររងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ចំណែករថយន្តខូចខាតមួយកំណាត់មុខស្ទើរតែទាំងស្រុង រីឯអ្នកបើកបរបន្ទាប់ពីបង្កហេតុរួចបានបើកទ្វារចុះរត់គេចខ្លួន តែត្រូវបងប្អូនប្រជាពលរដ្ឋឃាត់ខ្លួនបានប្រគល់ឱ្យសមត្ថកិច្ច។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះត្រួតពិនិត្យទីតាំងកើតហេតុធ្វើការវាស់វែងយករថយន្តបង្កហេតុទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ