ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​ការិយាល័យ​​នគរបាលបង្ការពន្លត់អគ្គិភ័យ ហ្វឹកហាត់នូវបំពាក់បំពង់ខ្យល់អុកស៊ីសែន ដល់​នគរបាល​ពន្លត់អគ្គិភ័យឈរជើងប្រចាំការនៅសាលាខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ​៖​ ដោយអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ២០២១នេះ លោកវរសេនីយទោ ពៅ​ សូសន្យា​ នាយរងការិ​យាល័យ​ បានដឹកនាំកម្លាំងជំនាញពន្លត់អគ្គិភ័យដែលឈរជើងប្រចាំការនៅសាលាខណ្ឌសែនសុខ បានធ្វើការហ្វឹកហាត់នូវបំពាក់បំពង់ខ្យល់អុកស៊ីសែន ដែលហៅកាត់ថា SCBA ដោយនៅក្នុងនោះ បានប្រើប្រាស់ម៉ាស៊ីនសម្រាប់កាត់ហែកទ្វារដែលជាប់សោរមិនអាចបើករួច ក៏ដូចជាទ្វាររថយន្តផងដែរ។

លោកវរសេនីយ៍ទោ ពៅ សូសន្យា ក៏បានពាំនាំពាក្យសម្ដីរបស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ផ្ញើដល់មន្ត្រីជំនាញពន្លត់អគ្គិភ័យទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាផងដែរ។ 

ដោយក្នុងនោះ លោកវរសេនីយ៍ទោ ពៅ សូសន្យា ក៏បានប្រាប់ឲ្យមន្ត្រីជំនាញពន្លត់អគ្គិភ័យទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ នឹងត្រូវចេះប្រើពាក្យសំដីសមរម្យដាក់ប្រជាពលរដ្ឋជានិច្ច។​ លោកវរសេនីយ៍ទោ ក៏បានផ្ដាំផ្ញើដល់មន្ត្រីជំនាញទាំងអស់ ត្រូវតែបន្តការខិតខំក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋបន្ថែមទៀតផងដែរ។

លោកវរសេនីយ៍ទោ ពៅ សូសន្យា ណែនាំដល់មន្ត្រីទាំងអស់ ត្រូវតែអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលនូវវិធានការពារ ៣កុំ ៣ការពារ ទាំងអស់គ្នាផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖