ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តនាគវ័ន ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី ទីប្រឹក្សា ព្រមទាំងលោកតាជី លោកយាយជី បានបូជាទៀន ធូប ផ្កាភ្ញីចំពោះព្រះរតនត្រៃ ព្រមទាំងធ្វើកិច្ចសូត្រមន្តនមស្សការ ព្រមទាំនាំយកនូវបច្ច័យ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ ជាច្រើនមុខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកស្រី ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃ ជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជន មាតា បិតា ជីដូន ជីតា ញាតិការទាំង៧សណ្ដាន ព្រមទាំងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ សូមដួងវិញាណក្ខន្ធបុព្វការីជនទាំងអស់ឱ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ដែលយកទៅប្រគេនព្រះសង្ឃនាឱកាសនោះ រួមមាន៖ អង្ករ ២តោន ទឹកក្រូច៣០កេស ទឹកសុទ្ធ៥០កេស ត្រីខ៥កេសធំ ទឹកត្រី១០យួរ ទឹកស៊ីអុីវ១០យួរ ស្កស៥បាវធំ មីយើង៥កេសធំ តែ១០គីឡូក្រាម នំខ្មែរ១៧កន្ត្រក សាដក២១៤កញ្ចប់ ផ្លែឈើ៨កន្ត្រកធំ ក្រណាត់ស៤៥ដុំ ដោយចំណាយបច្ច័យសរុបអស់២៥លាន ៣សែនរៀល និងប្រាក់ដុល្លារ១០.៦០០ដុល្លារ៕
ដោយ៖ហេង សូរិយា