ភ្នំពេញ៖ បើយោងតាម(CAMSOC) និងទឹសស្លោកយើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, បណ្ដាប្រទេសនៅតំបន់អាស៊ាន បានសម្ដែងការអបអរសាទរ និងកោតសរសើរជាខ្លាំង ចំពោះប្រទេសកម្ពុជា ដែលបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួចរាល់ សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម (SEA Games) និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នាឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
ការសាទរពីបណ្ដាប្រទេសក្នុងតំបន់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំរបស់គណៈអចិន្ដ្រៃយ៍ នៃក្រុមប្រឹក្សាកីឡាអាស៊ីអគ្នេយ៍ កាលពីចុងសប្ដាហ៍មុន ដោយតំណាងប្រទេសនីមួយៗ បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះលើកដំបូងរបស់កម្ពុជា ពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធបានលឿនមុនការប្រកួតមកដល់ ដោយមិនបង្អែបង្អង់ ឬផ្ដេកផ្ដួលទៅតាមស្ថានភាពកូវីដ-១៩ ក៏ដូចជាការប្រកួតស៊ីហ្គេម នៅវៀតណាម ដែលកំពុងស្ថិតក្នុងភាពស្រពេចស្រពិលនោះឡើយ។
លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា «ប្រទេសទាំងអស់មានការគាំទ្រ បន្ទាប់ពីបានស្ដាប់នូវការរាយការណ៍ពីវឌ្ឍនភាពការរៀបចំរបស់យើង ពិសេសក្រោយពិធីប្រគល់-ទទួលវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីការបរទេសចិន លោក វ៉ាង យី គឺប្រទេសទាំងអស់ បានអបអរសាទរ ហើយបានកោតសរសើរ ចំពោះកម្ពុជា ដែលបានធ្វើហេដ្ឋារចនាសម្ព័ន្ធហើយមុន ដ្បិតជាទូទៅហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសម្ចាស់ផ្ទះមុនៗ គឺថាកៀកថ្ងៃព្រឹត្តិការណ៍ ទើបធ្វើហើយ តែឥលូវនេះ កម្ពុជាយើង អាចធ្វើបានមុន»។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែល បានសង្កត់ធ្ងន់ថា «បណ្ដាប្រទេសទាំងអស់ បានគាំទ្រយ៉ាងពេញទំហឹង ចំពោះកម្ពុជា ដែលត្រូវដឹកនាំបន្ដវេណឲ្យបានទាន់ពេលវេលា និងត្រូវតាមពេលវេលាផងដែរ ដោយមិនបង្អែបង្អង់ ឬព្រងើយកន្ដើយ ទៅតាមសភាពការណ៍នៃការធ្វើម្ចាស់ផ្ទះ ឬមិនធ្វើម្ចាស់ផ្ទះរបស់វៀតណាមឡើយ គឺគេគាំទ្រឲ្យកម្ពុជាទៅមុខជានិច្ច ហើយដឹកនាំឆ្ពោះទៅរកភាពជោគជ័យនៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ហើយគេសង្ឃឹមថា កម្ពុជានឹងធ្វើឲ្យមានភាពអស្ចារ្យមួយ ជាម្ចាស់ផ្ទះមួយដែលមានលក្ខណៈអស្ចារ្យ នៅក្នុងប្រវត្តិនៃការប្រកួតស៊ីហ្គេម»។
គួរដឹងថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នឹងប្រព្រឹត្តទៅពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ មុនបន្ដរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។ កម្ពុជា គ្រោងរៀបចំការប្រកួតស៊ីហ្គេមនៅគោលដៅធំៗចំនួន៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ខណៈពិធីបើក-បិទ នឹងធ្វើឡើងនៅវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលទើបរៀបចំពិធីប្រគល់-ទទួល កាលពីពេលថ្មីៗ៕
ដោយ ៖ សិលា