ភ្នំពេញ៖ បន្លែធម្មជាតិរបស់កសិករនៅខេត្តកំពង់ស្ពឺកំពុងត្រូវបានអាជីវករលក់ដូរតាមផ្សារនានាបញ្ជាទិញច្រើនជាងមុន ដោយសារតែបន្លែទាំងនេះមិនប្រើប្រាស់សារជាតិគីមី មិនប៉ះពាល់សុខភាពដល់ អតិថិជនអ្នកបរិភោគ។
លោក ឈាង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ ទោះបីស្ថិតក្នុងបរិបទកូវីដ-១៩ក៏ដោយ ក៏ដំណាំបន្លែសុវត្ថិភាពរបស់ប្រជាកសិករក្នុងខេត្តកំពង់ស្ពឺកំពុងតែមានការគាំទ្រច្រើន ដោយសារតែបន្លែទាំងអស់នេះគ្មានជាតិគីមី និងមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគថែមទៀតផង។
លោកបានបន្តថា បន្លែសុវត្ថិភាពដែលប្រជាកសិករនិយមដាំមានដូចជា៖ ស្ពៃគ្រប់ប្រភេទ សណ្តែកកួរ ត្រប់ ប៉េងប៉ោះ ត្រសក់ និងឆៃថាវជាដើម ដែលបន្លែទាំង អស់នេះអាចលក់ចេញបានក្នុងតម្លៃចាប់ពី៣០០០រៀលឡើងទៅ ដែលអាចជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់បាន។
លោកប្រធានមន្ទីរដដែលបន្តថា ជាមួយគ្នានោះខាងមន្ទីរក៏បានផ្តល់បច្ចេកទេស និងណែនាំដល់ប្រជាកសិករ ឱ្យយល់ដឹងពីការដាំដុះ ធ្វើយ៉ាងណាឱ្យបន្លែទាំងអស់នោះដាំតាមបែបធម្មជាតិ មានសុវត្ថិភាពទៅដល់អ្នកបរិភោគ ។
លោកក៏បានជំរុញឱ្យបងប្អូនប្រជាកសិករដាំឱ្យបានច្រើនទៅលើបន្លែសុវត្ថិភាព ហើយចំពោះអ្នកបរិភោគក៏ពួកគាត់ទទួលស្គាល់ ហើយពួកគាត់ក៏ចង់បានសុវត្ថិភាពផងដែរក្រោយការយល់ដឹងពីបញ្ហាសុខភាព ពីបញ្ហាចំណីអាហារ ដែលមានសារធាតុគីមីច្រើនអីហ្នឹង គឺគាត់ ងាកមករកបន្លែឬក៏ដំណាំដែលមានលក្ខណៈសុវត្ថិភាពច្រើនជាង។
លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ កុំទុកដីទំនេរចោល គឺត្រូវដាំដុះដំណាំបន្លែបន្ថែម ដើម្បីរកប្រាក់ចំណូលបន្ថែមសម្រួលដល់ជីវភាពរស់នៅ៕
ដោយ ៖ សំរិត