ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី យក់ សម្បត្តិ ៖ ព្រឹកស្អែក វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ ចំនួន ៣លានដូស ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់កម្ពុជា !

ចែករំលែក៖

 ភ្នំពេញ៖  វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង( សុីណូវ៉ាក់)ចំនួន ៣លានដូសបន្ថែមទៀត ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ស្អែកនេះ។បើយោងតាមការបញ្ជាក់ពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

សូមជម្រាបថា នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ ក្នុងឱកាស អញ្ជើញបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី ២៤ ខែកញ្ញា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទសុីណូវ៉ាក់ ដែលកម្ពុជាបញ្ជាទិញពីចិន នឹងដឹកមកដល់កម្ពុជាចំនួន ៣លានដូស ថ្ងៃទី ២៦-២៧ ខែកញ្ញា ឆ្នាំ ២០២១ នឹងមកដល់ ៣លានដូសទៀត។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា ក្រៅពីបញ្ជាទិញពីវ៉ាក់សាំងពីចិន រដ្ឋាភិបាលចិនក៏បានបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន ៣លានដូសផងដែរ តាមរយៈឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។ដូចច្នេះ ក្នុងខែកញ្ញា ឆ្នាំ ២០២១នេះ កម្ពុជាយើងមានវ៉ាក់សាំងនៅក្នុងដៃ ទាំងការបញ្ជាទិញ និងជំនួយសរុបចំនួន ៩លានដូស។

សូមបញ្ជាក់ថា,រហូតដល់ ថ្ងៃទី២៣ ខែកញ្ញា​ ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៣៨នាក់​ (ឆ្លងសហគមន៌​:​ ​​៥២៥ និង​ នាំចូល:​ ១១៣) និងមានជាសះស្បេីយ​ ៤៧៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១០៦៦១៩នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៩៩១៣៤នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ២២នាក់​ សរុប​ស្លាប់ ២១៧៦នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2374059 ស្មេីនឹង​ 139732  ក្នុង១លាន នាក់​ ។ 

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115។ 

ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៨,៥៣%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៨,៥៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ​ ដល់ក្រោម ១២ឆ្នាំ មាន​ ៥៦,៤៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

ដោយ ៖ សិលា


ចែករំលែក៖