ខេត្តព្រៃវែង៖ បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្ហោះសារសូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោក ញ៉េប ឡា ប្រជាពលរដ្ឋរស់នៅភូមិព្រៃមាស ឃុំអង្គររាជ្យ ស្រុកព្រះសេ្ដច ខេត្តព្រៃវែង បានទទួលមរណភាពនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងជន្មាយុ៦០ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
នៅក្នុងសំណេរហ្វេសប៊ុករបស់លោក ជា សុមេធី បានបញ្ជាក់បន្ថែមថា យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោក ញ៉េប ឡា សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖
*៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
*៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
-កុំប៉ះពាល់គ្នា៕
ដោយ៖សហការី