ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធសេវាអប់រំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងសុំការគាំទ្រពី លោកបណ្ឌិត អ៉ិត សំហេង លើកិច្ចសហប្រតិបត្តិការ អភិវឌ្ឍការងារអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានអនុញ្ញាតឲ្យសហព័ន្ធសេវាអប់រំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍មួយចំនួន ពាក់ព័ន្ធនឹងកិច្ចការងារដែលខាងសហព័ន្ធកំពុងតែអនុវត្តនាពេលបច្ចុប្បន្ននេះ និងសុំការគាំទ្រ ព្រមទាំងកិច្ចសហការពីខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ដែលក្នុងនោះផែនការយុទ្ធសាស្ត្រនេះ ជាការចូលរួមចំណែកសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការបែងចែកផលនៃកំណើនប្រកបដោយសមធម៌ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា, យុទ្ធសាស្រ្តចតុកោណដំណាកល់កាលទី៤, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏ជាតិ ២០១៩-២០២៣ ក្រសួងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ដែលបានកំណត់នូវយុទ្ធសាស្រ្តគន្លឹះ ចំនួន៥ ដែលក្នុងនោះយុទ្ធសាស្រ្តទី២ គឺ «ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ» ដើម្បីកសាងបានកម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតឆ្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងស្រុក និងតំបន់។ 

លោកបណ្ឌិត អ៉ិត សំហេង​ បានបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្ស ពិតជាដើរតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឲ្យកាន់តែមានការរីកចម្រើនជាលំដាប់។ ជាការពិតណាស់ បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកខ្លាំងក្លាណាស់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សនេះ ដោយបានបង្កើតសាលារៀនគ្រប់កម្រិត ស្ទើរតែគ្រប់ទីកន្លែង ដោយធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលជូនដល់ក្មួយៗ បានសិក្សារៀនសូត្រឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីជាបង្អែកដ៏រឹងមាំក្នុងការកសាងខឿនសេដ្ឋកិច្ចជាតិ។  ឱកាសជាច្រើនទៀតត្រូវបានរដ្ឋាភិបាលបានផ្តល់ជូនចំពោះនិស្សិត នូវអាហារូបករណ៍ដើម្បីបន្តការសិក្សានៅក្រៅប្រទេស ជាមួយនឹងចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាជាច្រើនបន្ថែមពីបណ្តាប្រទេសដែលក្មួយៗបានទៅសិក្សារៀនសូត្រនៅទីនោះ។  

ជាមួយគ្នានេះ​លោកឧកញ៉ា ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា មានប្រសាសន៍ថា គោលបំណងរបស់សហព័ន្ធ ដែលទទួលបានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរបស់ក្រសួង​ បានចូលជួបសម្តែងការគួរសម នាឱកាសនេះ គឺដើម្បីសុំការគាំទ្រពីឯកឧត្តរដ្ឋមន្ត្រី និងចង់មានការទទួលស្គាល់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាផ្លូវការ ដើម្បីបន្ស៊ីនូវសកម្មភាព និងបេសកម្មរួមជាមួយគ្នានាពេលខាងមុខ។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី ក៏បានលើកឡើងថា នេះក៏ជាគំនិតផ្តួចផ្តើម និងជាយន្តការសម្រាប់សម្របសម្រួល រវាងសហព័ន្ធសេវាអប់រំនៅកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានសកម្មភាពដូចគ្នា ដើម្បីរួមគ្នាធ្វើកិច្ចការខាងផ្នែកអប់រំ បណ្តុះបណ្តាលធនធានមនុស្ស ទាំងអប់រំ និងបណ្តុះបណ្តាលនេះទៀតសោត គឺស្ថិតក្នុងក្របខណ្ឌអាទិភាពគោលនយោបាយរបស់រដ្ឋាភិបាល ដែលបច្ចុប្បន្នផ្នែកបច្ចេកវិទ្យា មានការអភិវឌ្ឍរីកចម្រើនខ្លាំងណាស់ ដែលទាមទារចាំបាច់ឲ្យមានការចូលរួមជាមួយភាគីពាក់ព័ន្ធ។ 

លោក​រដ្ឋមន្ត្រី​ បន្តថា យើងត្រូវផ្លាស់ប្តូរផ្នត់គំនិតរបស់យុវជន និងអាណាព្យាបាល ឱ្យ​យល់ពីសារប្រយោជន៍នៃការសិក្សាជំនាញ TVET នេះ ដូចជារកការងារធ្វើស្រួល មានប្រាក់ខែច្រើន អនាគតទៅមុខអាចបន្តការសិក្សា យកសញ្ញាបត្រខ្ពស់ៗបន្ថែមបានទៀតផង។ 

លោកបណ្ឌិត អ៉ិត សំហេង​ បានឱ្យខាងសហព័ន្ធសេវាអប់រំនៅកម្ពុជា សហការរៀបចំ ឲ្យមានការចុះកិច្ចព្រមព្រៀងជាមួយគ្នា (MOU) រវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថាតើចង់សហការអ្វីខ្លះជាមួយក្រសួង? ហើយខាងសហព័ន្ធ ទទួលខុសត្រូវអ្វីខ្លះ? ហើយខាងក្រសួងជួយគាំទ្របន្ថែមលើអ្វីបានខ្លះ?

លោកឧកញ៉ា ប៉ិច បូឡែន និងសហព័ន្ធសេវាអប់រំនៅកម្ពុជា បានសម្តែងការពេញចិត្តក្នុងការចូលរួមសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើយ៉ាងណាដើម្បីឲ្យបេសកម្មរួមលើកិច្ចការងារអប់រំបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាកាន់តែមានគុណភាព ក្នុងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិឲ្យកាន់តែមានការអភិវឌ្ឍឈានទៅមុខឥតឈប់ឈរ។

គួរបញ្ជាក់ផងដែរថា សហព័ន្ធសេវាអប់រំនៅកម្ពុជា ជាសមាគមមួយដែលទើបតែបង្កើតឡើង និងបានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ ដោយរួមផ្តុំ ស្ថាប័ន សមាគមអប់រំ និងបណ្តុះបណ្តាលប្រមាណជិត១០០ស្ថាប័ន ហើយកំពុងបន្តទទួលសមាជិកចូលជាប្រចាំ។ សហព័ន្ធសេវាអប់រំនៅកម្ពុជា មានគោលបំណងសំខាន់ប្រមូលផ្តុំគ្រឹះស្ថាន ក្រុមហ៊ុនផ្តល់សេវាអប់រំ និងបណ្តុះបណ្តាលទាំងអស់ក្នុងប្រទេសកម្ពុជា ដែលមានឆន្ទៈ និងចូលរួមជាមួយរាជរដ្ឋាភិបាល ពិសេសតាមរយៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគម អង្គការនានា អភិវឌ្ឍន៍កាន់តែប្រសើរបន្ថែមទៀតនូវគុណភាពអប់រំ បណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលនឹងរួមចំណែកក្នុងការជំរុញផលិតភាព សេដ្ឋកិច្ចកម្ពុជាយើងឱ្យកាន់តែរឹងមាំ៕

ដោយ​៖សហការី​


ចែករំលែក៖