ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាតំណាងជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការ សហប្រជាជាតិ (អ.ស.ប.) លើកទី៧៦ !

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង អញ្ជើញថ្លែងសុន្ទរកថាតំណាងជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការ សហប្រជាជាតិ (អ.ស.ប.) លើកទី៧៦ ក្រោមមូលបទ «ការកសាងភាពធន់តាមរយៈក្តីសង្ឃឹម – ដើម្បីស្ដារឡើងវិញពីជំងឺកូវីដ-១៩ ការកសាងឡើងវិញប្រកបដោយចីរភាព ការឆ្លើយតបទៅនឹងតម្រូវ ការរបស់ភពផែនដី ការគោរពសិទ្ធិប្រជាពលរដ្ឋ និងការធ្វើឱ្យអង្គការសហប្រជាជាតិសកម្មឡើងវិញ» នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២១ នៅទីក្រុងញូវយ៉ក ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២១ នេះ។ 

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, ថ្លែងសុន្ទរកថារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្តោតលើចំណុចសំខាន់ៗរួមមាន៖ ការ ស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយវិបត្តិជំងឺរាតត្បាតដែលជាអាទិភាពចំបង ការបន្ត ដាក់សម្ពាធ លើសន្តិភាពនិងសន្តិសុខអន្តរជាតិ សារៈសំខាន់នៃពហុភាគីនិយមនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយផ្អែកលើច្បាប់។ សម្តេចតេជោ ក៏នឹងគូសបញ្ជាក់ផងដែរអំពីយុទ្ធនាការចាក់វាក់សាំងថ្នាក់ជាតិ ប្រកបដោយជោគជ័យ ផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ សម្រាប់ការអភិវឌ្ឍ ប្រកបដោយភាពធន់និងចីរភាព កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងការត្រៀមលក្ខណៈធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) និងកិច្ចប្រជុំ កំពូលអាស៊ាន ឆ្នាំ២០២២ របស់កម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖