ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកម្ពុជា ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ក្នុងរយៈពេល ២ ថ្ងៃនៃការរៀបចំពិធីបុណ្យកាន់បិណ្ឌកន្លងទៅនេះ រាជរដ្ឋាភិបាលពិនិត្យឃើញថា មានការជួបជុំ និងប្រមូលផ្តុំមនុស្សជាច្រើននៅតាមបណ្តាវត្តអារាម ដើម្បីប្រារព្ធពិធីកាន់បិណ្ឌ ដែលមិនអាច ធានាបានការអនុវត្តត្រឹមត្រូវតាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ក្នុងការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលអាចនឹងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាត្រូវប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងរាលដាល ទ្រង់ទ្រាយធំនៅទូទាំងប្រទេសនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ដែល មានកម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស។ យោងលើភាពចាំបាច់ក្នុងការបន្តគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ដើម្បីធានាការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន ខណៈដែលព្រះរាជាណាចក្រកម្ពុជាកំពុងបើកដំណើរការសាលារៀនឡើងវិញ ក៏ដូចជាកំពុងរៀបចំផែនការដើម្បីឈានឆ្ពោះទៅ បើកដំណើរការប្រទេសពេញលេញឡើងវិញ នាពេលខាងមុខ, រាជរដ្ឋាភិបាល សម្រេច ដូចខាងក្រោម៖

១-ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។ ២-គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា ដែលស្ថិតក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន។

៣-រក្សាការឈប់សម្រាករយៈពេល ៣ ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ដែលត្រូវបានកំណត់ដោយ អនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ដីពីប្រតិទិនឈប់សម្រាកការងាររបស់ មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១។

ទទួលបានសេចក្ដីសម្រេចនេះ គ្រប់ក្រសួង-ស្ថាប័ន គណៈអភិបាលរាជធានី-ខេត្ត និងអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចាត់ចែងអនុវត្តជាបន្ទាន់ និងឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖