ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចពញាចក្រី​ ហេង​ សំរិន ​៖​ អបអរសាទរទិវារំលឹកខួប២៨ឆ្នាំថ្ងៃប្រកាសរដ្ឋធម្មនុញ្ញ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានបង្ហោះសារនៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ សូម​អបអរសាទរទិវារំលឹកខួប២៨ឆ្នាំថ្ងៃប្រកាសរដ្ឋធម្មនុញ្ញ។ 

សម្ដេចពញា​ចក្រី​ ហេង​ សំរិន​ បានបញ្ជាក់បន្ថែមថា​ នៅថ្ងៃទី២៤ ខែកញ្ញានេះ ជាខួប២៨ឆ្នាំ(១៩៩៣-២០២១)នៃថ្ងៃប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនិងមូលដ្ឋានគ្រឹះនៃក្របខ័ណ្ឌច្បាប់ក្នុងការដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិ។ ចំណុចសំខាន់ៗដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញមានដូចជា កម្ពុជាត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស។ ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ ជាដើម។

រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានធ្វើឲ្យប្រទេសកម្ពុជាយើងបានវិលត្រឡប់មកកាន់ “ព្រះរាជាណាចក្រកម្ពុជា” សារជាថ្មីឡើងវិញ ក្រោយពីយើងបានបញ្ចប់សង្រ្គាមស៊ីវិល និងមានការបោះឆ្នោតដោយសេរី ជាសកលលើកទី១នៅឆ្នាំ១៩៩៣ និងបាននាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងវឌ្ឍនភាពនៅក្នុងសង្គមជាតិរបស់យើងរហូតមកដល់សព្វថ្ងៃនេះ។

ក្នុងរយៈពេល ២៨ឆ្នាំ កន្លងមកនេះ រដ្ឋសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិមួយ បានបំពេញតួនាទីរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមានក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួន លើការងារនីតិកម្ម តាមដានការអនុវត្តច្បាប់ និងភាពជាតំណាងរបស់ពលរដ្ឋ នៅក្នុងការចូលរួមលលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍប្រទេសជាតិ។ រដ្ឋសភាបានអនុម័តច្បាប់ជាច្រើន សំដៅឆ្លើយតបទៅ នឹងតម្រូវការរបស់សង្គមជាតិ ទាំងក្នុងផ្នែកនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ។

សូមជនរួមជាតិគោរព ការពារ និងអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ សំដៅកសាង និងលើកកម្ពស់នីតិរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង រួបរួមគ្នាពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ និងអារ្យធម៌អង្គរដ៏បវររបស់ជាតិសាសន៍យើង ក្នុងការដឹកនាំមាតុប្រទេសឆ្ពោះ ទៅជាកោះសន្តិភាព រុងរឿងថ្កុំថ្កើងតរៀងទៅ៕

ដោយ​៖សហការី​


ចែករំលែក៖