ព័ត៌មានទាន់ហេតុការណ៍៖

វិចារណកថា ÷ រក្សាជីវិតឲ្យគង់មិនខ្វះពេលធ្វើបុណ្យនោះឡើយ

ចែករំលែក៖

នៅព្រឹកថ្ងៃសៅរ៍ទី២៥ខែកញ្ញាឆ្នាំ២០២១សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជាបានចេញសារមួយដោយសំដែងនូវការសោកស្ដាយចំពោះការបិទពិធីបុណ្យភ្ជុំបិណ្ឌព្រោះតែការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសជំងឺមេរោគដែលតាដ៏កាចសាហាវ។ សម្តេចតេជោបានប្រកាសថា បើទោះជាយ៉ាងណាក៏ដោយនៅពេលដែលយើងមានជីវិតគង់វង្សនោះយើងមិនខ្វះពេលវេលាសម្រាប់ធ្វើបុណ្យនោះឡើយ។ ដូច្នេះសូមប្រជាពលរដ្ឋនៃយើងមេត្តាអត់ធ្មត់និងចូលរួមទាំងអស់គ្នាដើម្បីកាត់បន្ថយនូវការរីករាលដាលជំងឺកូវីដ-១៩ដែលកំពុងកើតមាននៅក្នុងសង្គមកម្ពុជារបស់យើងដែលគួរអោយព្រួយ បារម្ភនាពេលសព្វថ្ងៃនេះ។

ការរីករាលដាលជំងឺកូវីដ-១៩នៅគ្រាដែលប្រជាជនកម្ពុជាកំពុងចូលរួមពិធីបុណ្យកាន់បិណ្ឌតាមប្រពៃណីសាសនានោះគឺជារឿងមួយដែលគួរអោយព្រួយបារម្ភ។ ដំបូងឡើយអាជ្ញាធរសុខាភិបាលរកឃើញជំងឺកូវីដ-១៩ នៅវត្តចំពុះក្អែកក្នុងខណ្ឌច្បារអំពៅនិងវត្តនាគវ័ន្តក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ។ បន្ទាប់ពីការចុះស្រាវជ្រាវនឹងធ្វើតេស្តរហ័សដោយក្រុមមន្ត្រីសុខាភិបាលរួចមកសមត្ថកិច្ចសុខាភិបាលរកឃើញវត្តជាងពាក់កណ្ដាលនៅរាជធានីភ្នំពេញដែលមានមនុស្សផ្ទុកមេរោគកូវីដ-១៩ ដែលប្រការនេះប្រមុខរាជរដ្ឋាភិបាលត្រូវចាត់វិធានការជាបន្ទាន់ក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺនេះឲ្យបានទាន់ពេលវេលា ។ ដើម្បីទប់ស្កាត់ជំងឺនេះកុំឱ្យរីករាលដាលតទៅទៀតនោះវិធានការបន្ទាន់មួយគឺផ្អាកជាបន្ទាន់កម្មវិធីកាន់បិណ្ឌនៅតាមបណ្ដាវត្តអារាមនានា ដើម្បីកាត់ផ្តាច់ប្រភពចម្លងនៅក្នុងវត្ត។

តាមរយៈសារសំឡេងពិសេសផ្ញើជូនជនរួមជាតិសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាហានិភ័យខ្ពស់ណាស់ ប្រសិនបើបន្តមានការជួបជុំប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌបន្តទៅទៀត ខណៈអ្នកជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា បានកើនឡើងដល់ជាង ១០ម៉ឺននាក់ និងអ្នកស្លាប់មានរហូតដល់ជាង ២ពាន់នាក់។ មិនតែប៉ុណ្ណោះមេរោគបំប្លែងដែលតា កំពុងរាតត្បាតកាន់តែខ្លាំង។សម្តេចតេជោបានគូសបញ្ជាក់ទៀតថា បើមិនផ្អាកកម្មវិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌទេ នឹងធ្វើឱ្យមហន្តរាយដល់សុខភាពសាធារណៈ និងអាយុជីវិតរបស់ប្រជាពលរដ្ឋជាក់ជាមិនខាន ខណៈដែលការកាន់បិណ្ឌក្នុងរយៈពេលតែពីរថ្ងៃកន្លងទៅ នៅតាមទីអារាមជាច្រើនបានរកឃើញការផ្ទុះឡើងនូវជំងឺកូវីដ-១៩ គួរឱ្យកត់សម្គាល់។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងនាមជាមេដឹកនាំមួយរូប សម្តេចមិនអាចឈរឱបដៃមើលភាពមហន្តរាយដល់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ។សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ពិតជាមិនអាចឱបដៃឈរមើលការឆ្លង និងឈានទៅដល់ការស្លាប់របស់ប្រជាជនយើងដោយសារការធ្វេសប្រហែសនោះទេ»។

ប្រមុខនៃរាជរដ្ឋាភិបាលនៃយើងក៏បានបញ្ជាក់ដែរថា សម្តេចពិតជាចង់ធ្វើបុណ្យធ្វើទាន តែបើពិធីនេះធ្វើឱ្យគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋមិនអាចធ្វើទៅបាននោះឡើយ។ សម្តេចតេជោ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការរក្សាជីវិតឱ្យបាន គឺជារឿងដ៏ចាំបាច់បំផុត បើរក្សាជីវិតបានមិនខ្វះពេលធ្វើបុណ្យទាននោះឡើយ។ សម្តេចតេជោបញ្ជាក់ដូច្នេះ «បញ្ហាមានធ្ងន់មានស្រាល តែបញ្ហាអាយុជីវិត និងសុខភាពប្រជាជនជាបញ្ហាអាទិភាពខ្ពស់បំផុត។ ការពារជីវិតបាន មានពេលវេលាច្រើនណាស់ ដើម្បីនឹងធ្វើបុណ្យធ្វើទានតទៅទៀត ប្រសិនបើយើងស្លាប់ដោយសារកូវីដ-១៩ គឺយើងគ្មានឱកាសធ្វើបុណ្យទេ។ ទំនួញប្រែតពេលភ្ជុំ គឺពិតជាធ្វើឱ្យយើងចង់ទៅវត្ត តែបើទៅវត្តដើម្បីនាំជំងឺ ឬនាំជំងឺទៅវត្តអារាម វាមិនមែនជាជម្រើសដ៏ល្អនោះទេ»។

សម្តេចតេជោសង្ឃឹមថា ប្រជាពលរដ្ឋនឹងមានការយោគយល់ចំពោះការសម្រេចចិត្តដ៏លំបាកនេះ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ដូច្នេះ «សង្ឃឹមថា សម្តេច ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទរបស់យើងមានការយោគយល់ដល់ការលំបាករបស់ខ្ញុំព្រះករុណាខ្ញុំក្នុងការសម្រេចចិត្តធ្វើបែបនេះ ដើម្បីធានាដល់ជីវិតប្រជាជនយើង»។ជាងនេះទៅទៀតពេលវេលាការធ្វើបុណ្យក៏មិនកំណត់តែក្នុងឱកាសនេះដែរផ្ទុយទៅវិញគឺយើងមានឱកាសក្រោយទៀតដែលអាចធ្វើបុណ្យទានជាមួយគ្នាប្រកបដោយភាពរីករាយនិងជឿជាក់។

អ្វីដែលជាវិធានការត្រូវប្រកាន់ខ្ជាប់នោះគឺការអនុវត្តន៍តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលដូចជាក្រសួងសុខាភិបាលគឺ ៣កុំនិង ៣ការពារ ។ ក្នុងកាលៈទេសៈនេះវិធានការជាក់លាក់របស់ក្រសួងសុខាភិបាលគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការរីករាលដាលជំងឺកូវីដ-១៩ឈានទៅបញ្ចប់កាត់ផ្ដាច់ចំណងទាក់ទងនៃមេរោគនេះក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ការចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ទាំងព្រះសង្ឃនៅតាមបណ្ដាទីវត្តអារាមគឺជាភាពចាំបាច់មួយដែលអាចរក្សាបានអាយុជីវិតរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសហើយនៅឆ្នាំក្រោយទៀតយើងអាចចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រកបដោយភាពរីករាយនិងជឿជាក់នៅពេលដែលមេរោគកូវីដ-១៩ ត្រូវបានលប់បំបាត់ទាំងស្រុងពីពិភពលោក។ ដូច្នេះមានតែការចូលរួមទាំងព្រះសង្ឃនិងគ្រហស្ថទើបអាចរក្សាបាននៅអាយុជីវិតសម្រាប់ធ្វើ បុណ្យទៅថ្ងៃក្រោយ៕

ដោយ៖ ហេង សូរិយា


ចែករំលែក៖