ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបានព្រមព្រៀងដោះលែង អគ្គនាយិកាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហួវៃ

ចែករំលែក៖

ក្រុមរដ្ឋអាជ្ញាអាមេរិក បានព្រមព្រៀងបញ្ឈប់រាល់ការចោទប្រកាន់ទៅលើលោកស្រី ម៉េង វ៉ាន់ស៊ូ (Meng Wanzhou) អគ្គនាយិកាហិរញ្ញវត្ថុ និងជាកូនស្រីរបស់ម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាហួវៃ។

លោកស្រី ម៉េង វ៉ាន់ស៊ូ ត្រូវបានកម្លាំងប៉ូលិសកាណាដាចាប់ខ្លួននៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Vancouver កាលពីខែធ្នូ ឆ្នាំ ២០១៨ តាមសំណើរបស់អាមេរិក ។ អាមេរិកបានចោទប្រកាន់«រាជិនីហួវៃ»ជាប់ពាក់ព័ន្ធការធ្វើចរាចរណ៍ហិរញ្ញវត្ថុជាមួយអុីរ៉ង់ បំពានច្បាប់របស់ទីក្រុងវ៉ាស៊ីនតោនដែលបានដាក់ទៅលើប្រទេសអុីរ៉ង់។
លោកស្រីម់េង វ៉ាន់ស៊ូ ត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំក្នុងប្រទេសកាណាដា ប៉ុន្តែត្រូវពាក់ឧបករណ៍តាមដានជានិច្ចរយៈពេលជិត៣ឆ្នាំកន្លងមកហើយ រង់ចាំការបញ្ជូនទៅកាន់សហរដ្ឋអាមេរិក។
នៅថ្ងៃទី២៤ ខែកញ្ញា (ពេលវេលានៅអាមេរិក) ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសថា បានឈានដល់កិច្ចព្រមព្រៀងបញ្ឈប់រាល់ការចោទប្រកាន់លើលោកស្រីម៉េងវ៉ាន់ស៊ូ នាខែធ្នូខាងមុខ ប្រសិនបើ កូនស្រីម្ចាស់ក្រុមហ៊ុនហួវៃយល់ព្រមទៅតាមលក្ខខណ្ឌដែលតុលាការអាមេរិកដាក់ចេញ ហើយរឿងក្តីរបស់លោកស្រីនឹងត្រូវលុបចេញ។
ប្រភពព័ត៌មានបានឱ្យដឹងថា លោកស្រី ម៉េង វ៉ាន់ស៊ូ នឹងចាកចេញពីប្រទេសកាណាដា ទៅកាន់ប្រទេសចិននៅថ្ងៃទី២៥ខែកញ្ញា ខាងមុខ។ ការដោះលែងអគ្គនាយិកាហិរញ្ញវត្ថុ
ក្រុមហ៊ុនហួវៃជាសញ្ញាដ៏ល្អសម្រាប់ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរអាមេរិក-ចិន ក៏ដូចជាចិននិងកាណាដា ។ កិច្ចព្រមព្រៀងនោះក៏ជាការបើកផ្លូវឲ្យចិនដោះលែងពលរដ្ឋកាណាដាពីររូបដែលចិនបានចាប់ខ្លួនផងដែរដោយចោទប្រកាន់ពីបទចារកិច្ច៕ដោយ៖ធីរីណា

រូបថត៖Reuters 


ចែករំលែក៖