ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​បាន​ផ្ទុះអាវុធ បណ្តាល​ឲ្យ​រង​របួស​ខ្លួនឯង​​ត្រូវ​ចំ​កំភួនជើង​ខាងស្តាំ

ចែករំលែក៖

ភ្នំពេញ ៖  បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​បាន​ផ្ទុះអាវុធ បណ្តាល​ឲ្យ​រង​របួស​ខ្លួនឯង​មួយ​គ្រាប់​ត្រូវ​ចំ​កំភួនជើង​ខាងស្តាំ ដែលហេតុការណ៍នេះ បង្ក​ឱ្យមានការភ្ញាក់ផ្អើលឡើង​ កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ ទីតាំង​កើតហេតុ​ខាងលើ​នេះ ស្ថិត​នៅ​ចំណុច​ទល់មុខ H&Y តាម​បណ្តោយ​ផ្លូវ​១៥៤ ចំណុច​ផ្សារ​សូ​រិ​យា​ម៉​ល ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ហើយត្រូវបានសមត្ថកិច្ច ​ទាក់ទង​ហៅ​រថយន្ត​មក​ដឹក​បុរស​រូប​នេះ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត។

បើតាមសម្តី​កម្លាំង​កងរាជអាវុធហត្ថ បាន​​ឲ្យ​ដឹង​ថា បុរស​ដែល​បាញ់​ខ្លួនឯង​នោះ​មានឈ្មោះ ភែ រី (perry) អាយុ​៤៦​ឆ្នាំ ជា​ជន​ជាតិ​បរទេស ធ្វើការ​ផ្នែក​ធនធានមនុស្ស ស្នាក់​នៅ​ម្តុំ​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។

បើតាមសម្ដីរបស់បុរសដែលបាញ់ខ្លួនឯងបានឲ្យ​ដឹង​ថា មុនពេលកើតហេតុ គឺ​រូប​គាត់​បាន​ជួបជុំ​មិត្តផឹកស៊ី​នៅ​ផ្សារ​សូ​រិ​យាម៉​ល លុះដល់​ម៉ោង​២​និង​៥០​នាទី​រំលង​អធ្រាត្រ រូប​គាត់​ក៏​បាន​ចេញពី​ជួបជុំ​មិត្ត រួច​ដើរ​កាត់​ផ្លូវ​១៥៤ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​កាំភ្លើងខ្លី ពណ៌​ខ្មៅ​លាយ​ទឹកប្រាក់ ម៉ាក​ស៊ុ​យ​រ៉ា​គី មួយ​ដើម គាត់​ក៏​បាន​យក​មក​ដាក់​ចូល​ហោប៉ៅ​ខាងក្រោយ​ខាងស្តាំ ស្រាប់តែ​កាំភ្លើង​នោះ​រៀលកៃ​ផ្ទុះត្រូវ​កំភួនជើង​ខ្លួនឯង បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង​។

បើ​តាមសម្តី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​​នេះ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញបុរសរូបនេះមាន​កាបូបស្ពាយ​នៅ​នឹង​ខ្នង និង​មាន​កាំភ្លើង​មួយ​ដើម បាញ់​ឡើង​ទៅ​លើ​មេឃ​១​គ្រាប់ រួច​ទុក​កាំភ្លើង​ក្នុង​ហោប៉ៅ​វិញ លុះ​មួយសន្ទុះ​ក្រោយមក កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ ជនជនជាតិបរទេសរូប​នេះ ក៏​បាន​លូកដៃ​ចូល​ហោប៉ៅ​ដែល​មាន​កាំភ្លើង​នោះ ស្រាប់តែ​ច្រឡំ​ដៃ​ប៉ះ​កៃ​បាញ់​បែក​កំភួនជើង​ខ្លួនឯង​តែ​ម្តង​។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះ​មក​ដល់ រួច​ទាក់ទង​ទៅ​ខាង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ហៅ​រថយន្ត​សា​មុយមក​ដឹក​បុរស​ជនបរទេស​រូប​នេះ យក​ទៅ​សង្គ្រោះ​បន្ទាន់​ជា​មុន​សិន រីឯ​កាំភ្លើង​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ ដកហូត​យក​ទៅ​រក្សា​ទុក ដើម្បី​​ស្រាវជ្រាវ​នៅ​ពេល​ក្រោយ​៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖