ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី អញ្ជើញក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងាររបស់គណបក្សស្រុកគងពិសី ជាមួយគណៈកម្មាធិការគណបក្សស្រុក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងាររបស់គណបក្សស្រុកគងពិសី   ជាមួយគណៈកម្មាធិការគណបក្សស្រុក។ 

 ដោយមានការអញ្ជើញចូលរួមពី លោកប្រធានក្រុមការងារចុះមូលដ្ឋានស្រុក   លោក លោកស្រីជាអនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក   លោក លោកស្រីជា ប្រធាន អនុប្រធាន និងជាសមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ទាំង១៣  តាមប្រព័ន្ធ ZOOM ។ 

លោក ហ៊ុនម៉ានី ធ្លាប់មានប្រសាសន៍លើកឡើងថា, មិនថាក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែយកចិត្តទុកដាក់ខ្ពស់ដល់សុខសុវត្ថិភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនកងកម្លាំង ព្រមទាំងក្រុមគ្រួសារ។  សូមបន្តជឿជាក់លើរាជរដ្ឋាភិបាលដែលជានិច្ចកាល តែងនៅរួមសុខ រួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ស្ថានភាព។ សូមបងប្អូនកងកម្លាំងទាំងអស់ពង្រឹងស្មារតី ត្រៀមខ្លួនអោយរួចជាស្រេចដើម្បីបន្តចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាចូលរួមតាមដានរាល់បញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

 លោកបន្តថា តាងនាមក្រុមការងារ ខ្ញុំសូមអរគុណដល់មន្រ្តីគ្រប់ជាន់ថ្នាកនៃខេត្តកំពង់ស្ពឺទាំងអស់ ជាពិសេសកងកម្លាំងរបស់យើងដែលបានត្រៀមខ្លួន បូជាកម្លាំងកាយចិត្ត ការពារសន្តិភាព សុខសុវត្ថិភាពសង្គម និងប្រជាជន។ សូមបងប្អូនកងកម្លាំងយើងទាំងអស់ ថែទាំសុខភាពឱ្យបានល្អដើម្បីត្រៀមខ្លួនចូលរួមគ្រប់កាលៈទេសៈទាំងអស់ ជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុជាតិ និងមាតុភូមិ៕

ដោយ ៖ សិលា


ចែករំលែក៖