ព័ត៌មានទាន់ហេតុការណ៍៖

ករណីឆ្លងកូវីដ-១៩និងស្លាប់នៅលើពិភពលោកបានថយចុះខ្លាំងគឺជារឿងដ៏ល្អបំផុត

ចែករំលែក៖

តាមគេហទំព័រ Worldometer គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៧ ខែកញ្ញា នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុបចំនួន 232.575.067នាក់ ក្នុងនោះស្លាប់4.761.430នាក់។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក មានករណីឆ្លងកូវីដ-១៩ថយចុះ គឺមានតែ 321.105នាក់ប៉ុណ្ណោះ និងមានអ្នកស្លាប់4.800នាក់។ ជាមួយគ្នានេះដែរមានអ្នកជំងឺ ជាសះស្បើយកើនឡើងដល់ទៅ 209.188.993នាក់ ហើយនៅមានអ្នកជំងឺ18.623.377នាក់កំពុងព្យាបាល ក្នុងនោះមាន93.449 មានសភាពធ្ងន់ ។
ក្នុងរយៈពេល២៤ម៉ោងកន្លងមក ប្រទេសអង់គ្លេសមានករណីឆ្លងច្រើនជាងគេ គឺមានដល់ទៅជាង៣២ពាន់នាក់។ បន្ទាប់មកគឺប្រទេសឥណ្ឌា មានករណីឆ្លងកូវីដ-១៩ជាង២៧ពាន់នាក់ និងទី៣គឺប្រទេសតួកគីមានករណីឆ្លងកូវីដ-១៩ ជាង២៥ពាន់នាក់ ។ ជាមួយគ្នានេះប្រទេសដែលមានករណីស្លាប់ច្រើនជាងគេបំផុតក្នុងរយៈពេល២៤ម៉ោង គឺប្រទេសរុស្ស៊ី មានករណីស្លាប់ដោយកូវីដ-១៩ចំនូន៨០៥នាក់។ បន្ទាប់មកគឺប្រទេសម៉ិចស៊ីកូ៥៩៦នាក់ និងទី៣គឺអុីរ៉ង់មានករណីស្លាប់ ២៨៨នាក់។
អាមេរិក ឥណ្ឌា និងប្រេស៊ីល គឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេដោយកូវីដ-១៩ ។ ចំនួនអ្នកឆ្លងនៅអាមេរិកមាន 43.750.920 នាក់ និងស្លាប់706.313នាក់ ។ ចំណែកករណីឆ្លងសរុបនៅក្នុងប្រទេសឥណ្ឌាវិញមានចំនួន 33.678.243នាក់ និងស្លាប់447.225 នាក់។ ដោយឡែកប្រទេសប្រេស៊ីលមានករណីឆ្លងខ្ពស់លំដាប់ទីបី គឺមានករណីឆ្លងសរុប 21.351.972 នាក់ និងស្លាប់594.443នាក់។
ករណីឆ្លងកូវីដ-១៩ នៅលើពិភពលោកមានសញ្ញាថយចុះ ដោយសារតែពលរដ្ឋបានចាក់វ៉ាក់សាំងបានច្រើន ។ មកទល់ពេលនេះមានពលរដ្ឋចំនួន ៤៤,៤%ហើយនៃពលរដ្ឋសរុបនៅលើពិភពលោកទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩យ៉ាងតិច ១ដូស។ មានវ៉ាក់សាំងជាង ៦,១១ពាន់លានដូសហើយបានប្រើប្រាស់។ ក្នុងមួយថ្ងៃៗ មានវ៉ាក់សាំងចំនួន២៦លានដូសបានចាក់ជូនពលរដ្ឋ ។
ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភនោះគឺប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ ទើបតែមានពលរដ្ឋជាង ២,២%ប៉ុណ្ណោះទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដោយសារតែកង្វះវ៉ាក់សំាង ។ ចំណែកប្រទេសអ្នកមានវិញ មានវ៉ាក់សាំងរក្សាទុករហូតដល់ផុតកំណត់ យកទៅបោះចោលខណៈប្រទេសក្រីក្រគ្មានវ៉ាក់សាំង ។ ទាំងនោះហើយបានជាអង្គការសុខភាពពិភពលោកអំពាវនាវដល់ប្រទេសអ្នកមានសូមជួយចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រផង៕ ដោយ៖ធីរីណា

រូបថត៖ AFP

រូបភាព៖THX/ TTXVN

 

 


ចែករំលែក៖