ខេត្តស្វាយរៀង៖ បុរសជាកម្មកររោងចក្រម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលស្រវឹងស្រាបើកម៉ូតូលឿនខ្វះការប្រុងប្រយ័ត្ន ហើយពេលបើកដល់កន្លែងផ្លូវកោងធ្វើឲ្យរេចង្កូតដួលបោកក្បាលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងក្បាលព្រលប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥នាទីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ ១៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៧និងលេខ៨ ស្ថិតក្នុងភូមិអកនាគ សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ។
សមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ ម៉េត សារាប អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។
តាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុគាត់ឃើញបុរសរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CE-៣៣៦៦ លើផ្លូវជាតិលេខ ១៣ក្នុងទិសដៅពីជើងទៅត្បូង ដោយមានពាក់មួកសុវត្ថិភាពដែរ តែដូចជាមានអាការស្រវឹងស្រាផង ហើយ
ប្រើប្រាស់ល្បឿនម៉ូតូយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ពេលបើកមកដល់កន្លែងផ្លូវកោងក៏រេចង្កូតដួលបោកក្បាលបណ្តាលឱ្យស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។
ក្រោយមកសមត្ថកិច្ចបានមកដល់ធ្វើកំណត់ហេតុនិងប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖យឹម សុថាន