ភ្នំពេញ៖ បើតាមប្រសាសន៍លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ រយៈពេល៣ថ្ងៃ គឺថ្ងៃទី២៤-២៥-២៦ ខែកញ្ញា ឆ្នាំ២០២១ ភ្ញៀវទេសចរផ្ទៃក្នុងបានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១០២,០៦៣ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១០០,៥១២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,៥៥១ នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* រាជធានីភ្នំពេញ៖ ៣២,៧៩៣ នាក់
* ខេត្តកំពត៖ ២៤,៣២៩ នាក់
* ខេត្តព្រះសីហនុ៖ ៨,១៩៨ នាក់
* ខេត្តកែប៖ ៦,៧៥០ នាក់
* ខេត្តកំពង់ស្ពឺ៖ ៥,៦០៧ នាក់
* ខេត្តតាកែវ៖ ៤,៥៩៨ នាក់
* ខេត្តមណ្ឌលគិរី៖ ៤,២៦២ នាក់
* ខេត្តពោធិ៍សាត់៖ ៣,៦៣១ នាក់។
លោករដ្ឋមន្ត្រីបានបន្តថា តួលេខនេះបន្តកើនឡើងប្រមាណ ២៩.១៦% ធៀបនឹងសប្តាហ៍កន្លងមក។ គោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរសមុទ្រ ពិសេសខេត្តកំពត និងគោលដៅទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍នៅខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី និងខេត្តពោធិ៍សាត់ ជាគោលដៅពេញនិយមសម្រាប់ការដើរកម្សាន្តនាសប្តាហ៍កន្លងមក លើកលែងតែតំបន់សៀមរាបអង្គរ ដែលកំពុងមានការបិទខ្ទប់។
បន្ថែមពីនេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា តាមការសង្កេតជាក់ស្តែង ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួនបានរៀបចំជាចង្ហាន់ និងគ្រឿងឧបភោគបរិភោគ ដើម្បីប្រគេនជូនព្រះសង្ឃនៅតាមបណ្តាវត្តទៅតាមប្រពៃណីកាន់ដោយរៀបចំព្រះសង្ឃ និងគណៈកម្មការវត្ត ចាំទទួលចង្ហាន់នៅត្រឹមខ្លោងទ្វារចូលវត្ត។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួនបានបន្តដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានាជាមួយម្ហូបអាហារដែលបានរៀបចំទុកជាស្រេច ដោយចុងសប្តាហ៍នេះ។
នៅតាមគោលដៅទេសចរណ៍នានា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានចូលរួមអនុវត្តកាន់តែសកម្មនូវវិធានការ «៣កុំ និង ៣ការពារ» ពិសេសបានពាក់ម៉ាស់ជាប្រចាំ និងការជ្រើសរើសដំណើរកម្សាន្តទៅកាន់តំបន់ធម្មជាតិ សហគមន៍ និងអេកូទេសចរណ៍។
ជាមួយគ្នានេះ រដ្ឋបាលគ្រប់ថ្នាក់មន្ទីរទេសចរណ៍រាជធានី-ខេត្ត សហការជាមួយមន្ទីរពាក់ព័ន្ធបានសហការគ្នាចុះជំរុញការអនុវត្តវិធាន ៣ការពារ ៣កុំ សុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាអប្បបរមា (SOP) ដោយរៀបចំឲ្យមានក្រុមការងារចុះផ្ទាល់ដល់មូលដ្ឋានអាជីវកម្ម និងរមណីយដ្ឋានទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ថោង ខុន៕
ដោយ៖សហការី(ប្រភពព័ត៌មានពី៖ក្រសួងទេសចរណ៍)