ខេត្តកណ្តាល ៖ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃចន្ទទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា ឃុន សៀ ដែលបានឧបត្ថម្ភអង្ករចំនួន២៥តោន មី១០០កេស ត្រីខកំប៉ុង១០០យួរ តាមរយៈលោក ម៉ៅ សុផល ជូនដល់រដ្ឋបាលខេត្តកណ្តាល ដើម្បីប្រើប្រាស់ក្នុងការងារមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។
នាឱកាសនោះ លោក គង់ សោភ័ណ្ឌ សូមថ្លែងនូវការកោតសរសើរដោយសុទ្ធចិត្តបំផុត ចំពោះសន្តានចិត្តដ៏សប្បុរស ថ្លៃថ្លារបស់ អ្នកឧកញ៉ា និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលបានចំណាយនូវទ្រព្យធនផ្ទាល់ខ្លួនក្នុងការជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះធម្មជាតិ ឧបទ្វវហេតុ ឬគ្រោះថ្នាក់ផ្សេងៗ។
រដ្ឋបាលខេត្តកណ្តាល នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ប្រកបដោយតម្លាភាពក្នុងការបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខជូនចំពោះ អ្នកឧកញ៉ា និងលោកស្រី ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះនូវព្រះពុទ្ធពរទាំង៤ ប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖សហការី