ព័ត៌មានទាន់ហេតុការណ៍៖

ស៊ុក សុភា បញ្ចេញសារក្នុងចិត្តលើកដំបូងបន្ទាប់ពីភរិយាប្រកាសលែងលះ

ចែករំលែក៖

កាលពីចុងខែសីហាកន្លងទៅអ្នកនាង សារីណា បានប្រកាសលែងលះនឹងអតីតតារាសម្តែងលោក ស៊ុក សុភា រហូតបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំង ។ ទើបតែថ្ងៃនេះទេដែលអតីតតារាសម្តែង លោក ស៊ុក សុភា បានបញ្ចេញសារក្នុងចិត្តមួយក្រោយពីជ្រើសរើសផ្លូវមិននតបតទៅកាន់អតីតភរិយាមួយខែមកហើយនោះ។   

សំណេរដ៏វែងអន្លាយរបស់ អតីតតួឯកក្នុងរឿងទុំទាវ រូបនេះបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា”ក្នុងពេលវេលាណាមួយ អ្នកត្រូវបានគេមើលងាយ មិនឲ្យតម្លែ គិតអវិជ្ជមានមកលើអ្នក ដោយកំហុសឫសមិនមែនកំហុសណាមួយរបស់អ្នក ចូរអ្នកចងចាំទុកថា    ការអត់ធ្មត់របស់អ្នក ប្រកបដោយការមិនតបត បង្កើតការតាំងចិត្ត១០០% កុំបាក់ទឹកចិត្តតាមគំនាបអារម្មណ៍ទាំងនោះ ប៉ុន្តែអ្នកត្រូវខំប្រឹងធ្វេីឲ្យចេញជាលទ្ធផលល្អប្រសើរបំផុតតាមដែលអាចធ្វើទៅបាន ហើយកុំធ្វើដើម្បីគ្រាន់តែចង់បង្ហាញបង្អួតនរណាម្នាក់ឲ្យសោះ។ ទម្លាប់ល្អ ដដែលៗទាំងនោះ នឹងនាំអ្នកទៅរកភាពជោគជ័យ   បែបណាមួយជាក់ជាមិនខាន។ ហើយអ្វីដែលសំខាន់កុំទៅខ្វល់ពីសំដីប្រមាថមាក់ងាយ ប៉ុន្តែផ្ដោតការចាប់អារម្មណ៌ការផ្តល់យោបល់ រិះគន់  កែតម្រូវ  ទើបជាការប្រសើរ ហើយកុំទៅបង្អាប់តម្លៃមនុស្សដែលអ្នកមិនចូលចិត្ត ប៉ុន្តែឲ្យតម្លៃមនុស្សទូទៅថាសុទ្ធតែមានតម្លៃរៀងៗខ្លួន។ ធម្មជាតិយុត្តិធម៌ខ្លាំងណាស់ គឺបង្កើតមនុស្សជិត៨ពាន់លាននាក់នៅលើផែនដីនេះ  គឺមានចំណុចខុសៗគ្នាទាំងអស់  បើទោះបីជាម្ដាយបង្កើតកូនមកភ្លោះក៏ដោយ ក៏នៅមានចំនុចខុសៗគ្នាដែរ។ ដូចនេះកុំខ្វល់ថា ខួរក្បាលអ្នកផ្សេងគិតបែបណា  គិតអ្វី  សំខាន់អ្នកគិតថាធ្វើអ្វីដែលត្រឹមត្រូវ នឹងដោយមានសតិបញ្ញា  ហើយអ្នកត្រូវគិតខ្វល់ពីបច្ចុប្បន្ន និងទៅអនាគតរបស់អ្នក  ថាតើអ្នកនឹងក្លាយជាអ្វី ត្រូវធ្វើអ្វី និងដើម្បីអ្វី មុននឹងដង្ហើមជីវិតចុងក្រោយរបស់អ្នកមកដល់។ការចាប់ផ្តើមថ្មីពីចំណុចសូន្យ ប្រសើរជាងទ្រាំរស់ជាមួយចំណុចសូន្យរហូត។ឯកភាពអត់បងប្អូន  សុំចម្លើយម្នាក់មួយ…? សារនេះភ្ជាប់ដោយរូបថតដែលលោកស្លៀកសារ៉ុង និងផាត់មុខបែបមនុស្សស្រីដែលរូបថតនេះពិតជាបង្កប់ដោយអត្ថន័យស៊ីជម្រៅផងដែរ។  បើទោះបីជាលោកមិនបានភ្ជាប់សំណេរនេះទៅកាន់ភរិយាមែន ប៉ុន្តែសារនេះបានបង្ហាញពីភាពចាស់ទុំក្នុងជីវិតរស់នៅរបស់តារាប្រុសរូបនេះ។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រតារារូបនេះនិងភិរិយានៅតែមានសង្ឃឹមនោះគឺសារនេះមិនបង្កប់ដោយអត្ថន័យមិនធ្វើឲ្យស្នេហារង្គោះរង្គើរឡើយ សូម្បីតែនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកទាំងពីរក្នុងរយៈពេល១ខែចុងក្រោយនេះមិនបានបង្ហាញសារឡើងកម្តៅណាមួយដែលនាំឲ្យស្នេហាឈានទៅរកការបែកបាក់ឡើយ ពិសេសពួកគេក៏បានមិនបានលប់ចោលរូបថតផ្អែមល្ហែមរួមគ្នាកន្លងមកនោះចោលផងដែរ។ 

  គួរបញ្ជាក់ដែរថា តារាសម្តែង ស៊ុក សុភា បានរៀបមង្គលការជាមួយអ្នកនាង លុយ សារីណា ជានារីមេម៉ាយ ដែលជាតារាសម្តែង និងជាអាណិកជនខ្មែររស់នៅប្រទសអូស្ត្រាលីកាលពីអំឡុងពាក់កណ្តាលឆ្នាំ ២០១២។ ប៉ុន្តែកាលពីអំឡុងចុងខែសីហាឆ្នាំ២០២១នេះមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមក្រោយពីអ្នកនាងសារីណាបានបញ្ចេញសារផ្តាច់ទំនាក់ទំនងជាមួយស្វាមីដែលធ្លាប់តែផ្អែមល្ហែមនឹងគ្នាក្រោមហេតុផល លោក ស៊ុកសុភា បានយករឿងគ្រួសារមកឡូកឡំនិងរឿងស្នេហា៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖