ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់និងស្ត្រីម្នាក់រងរបួស ខណៈដែលជួបគ្រោះអកុសល ជិះម៉ូតូមិនប្រយ័ត្នទៅបុកគូទ កង់របស់ស្ត្រីដែលកំពុងជិះនៅខាងមុខធ្វើឱ្យដួលម៉ូតូខ្ទាតចូលទៅក្រោមរថយន្តដែលបើកស្របទិសគ្នាបណ្ដាលឲ្យកិនស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៧នាទីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២១និង១២២ ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ។
យោងតាមមន្ត្រីនគរបាលក្រុងបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ សៅ ងាន់ អាយុ៥១ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិរំដេញ ឃុំ ឈើទាល ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១D-០១៣៥។
ចំណែកស្ត្រីដែលជិះកង់ហើយរងរបួសស្រាលមានឈ្មោះ ទិត្យ សារ៉ុន អាយុ៦០ឆ្នាំ មុខរបរនៅផ្ទះ រស់ក្នុងក្រុងស្វាយរៀង។
ចំពោះអ្នកបើករថយន្តមិនត្រូវបានស្គាល់នោះទេ ព្រោះក្រោយពីកើតហេតុឃើញសភាពការណ៍មិនស្រួលក៏បើករថយន្តគេចខ្លួនទៅទិសខាងលិចបាត់ទៅ។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានស្ត្រីម្នាក់បានជិះកង់មួយគ្រឿងលើផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិចខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១D-០១៣៥ ក្នុងទិសដៅស្របគ្នាក៏បុកពីក្រោយបណ្ដាលឱ្យបុរសអ្នកជិះម៉ូតូខ្ទាតចូលទៅក្រោមរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកដែលបើកមកពីក្រោយកិនយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយកើតហេតុអ្នកបើករថយន្តមិនបានឈប់ដោះស្រាយទេគឺបានបើកគេចខ្លួនទៅទិសខាងលិចបាត់ស្រមោលទៅ។
អ្នករបួសត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកយកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងធ្វើការវាស់វែងអូសយកមធ្យោបាយធ្វើដំណើររងគ្រោះមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយតាមច្បាប់។
ចំណែកសពបុរសខាងលើត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងសោកសង្រេងបំផុត៕
ដោយ៖ យឹម សុថាន