ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសបេីកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងច្រង៉ាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតូយ៉ូតាព្រូសមួយគ្រឿងខណៈមេឃកំពុងភ្លៀង បានរេចង្កូតបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យវៀចមួយកង់ ឯរថយន្តក្រឡាប់ផ្ងារជើងច្រង៉ាង ចំណែកតៃកុងរងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ៥០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០២១ នៅខាងលិចស្តុបណូគា  តាមបណ្ដោយផ្លូវ ២០០៤ កែងនឹងផ្លូវ ៣៧១ (សឡា )ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តតូយ៉ូតាព្រូសមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BA-2418ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០០៤ ទិសដៅ ពីលិចទៅកើត មេឃកំពុងភ្លៀង លុះមកដល់ចំណុចកើតហេតុខាងលើ កែងនឹងផ្លូវ ៣៧១ សឡា បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យវៀចមួយកង់ ឯរថយន្តខ្ទេចមួយចំហៀងមុខហើយក្រឡាប់ផ្ងារជើងច្រង៉ាង។ភ្លាមនោះតៃកុងរថយន្តបានលូនចេញពីរថយន្តរួចដើរទៅសង្គ្រោះនៅមន្ទីរពេទ្យដោយខ្លួនឯងបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖