ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៤និង០០នាទីម្សិលមុិញ លោកឧត្តមសេនីយ៍ទោ កាំង សាំងហុក និងលោកវរសេនីយ៍ឯក ប៊ូ ដារ៉ារិទ្ធ អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ តំណាងដ៏ខ្ពង់ខ្ពស់ លោក ប្រធាននាយកដ្ឋាន បានដឹកនាំក្រុមការងារការិយាល័យច្រកទ្វារផ្លូវទឹក និងកំពង់ផែអន្តរជាតិ និងការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានច្រកទ្វារទី២ ដើម្បីចុះត្រួតពិនិត្យ ពង្រឹងណែនាំការងារជំនាញ ក៏ដូចជាការងាររដ្ឋបាលទូទៅ នៅប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។
ជាកិច្ចចាប់ផ្តេីម លោកឧត្តមសេនីយ៍ទោ អនុប្រធាននាយកដ្ឋាន មានមតិបើកអង្គប្រជុំ ព្រមទាំងបានអនុញ្ញាតឲ្យលោកនាយប៉ុស្តិ៍ ក៏ដូចជាតាមបណ្តាផ្នែកនីមួយៗរាយការណ៍អំពីតួនាទីភារកិច្ចរបស់ខ្លួន និងលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរ ជូនអង្គប្រជុំជ្រាប។
ទន្ទឹមនឹងនោះលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ មានមតិស្វាគមន៍ និងបានគោរពរាយការណ៍អំពីការងារជំនាញដែលបានអនុវត្តកន្លងមក ព្រមទាំងបានអនុញ្ញាតឲ្យតាមបណ្តាផ្នែកនីមួយៗរាយការណ៍លម្អិត អំពីតួនាទីភារកិច្ចតាមផ្នែកនីមួយៗជូនអង្គប្រជុំជ្រាប។
ជាកិច្ចបន្តលោកនាយការិយាល័យច្រកទ្វារផ្លូវទឹក និងកំពង់ផែអន្តរជាតិ មានមតិណែនាំក្នុងការពង្រឹងការងារជំនាញដល់គ្រប់បណ្តាផ្នែកទាំងអស់ ដោយផ្តោតសំខាន់ទៅលើផ្នែកបែបបទ ជុំវិញនីតិវិធីក្នុងការគ្រប់គ្រងនាវា និងការបំពេញសំណុំបែបបទរបស់នាវិក ព្រមទាំងបានជម្រុញឲ្យមានការចូលរួមសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការសហការត្រួតពិនិត្យនូវរាល់មនុស្ស មធ្យោបាយ ទំនិញគ្រប់ប្រភេទឲ្យបានម៉ត់ចត់ ជៀសវាងមានការធ្វេសប្រហែសកើតមានឡើង ជាពិសេសត្រូវអនុវត្តការងារជំនាញ ដោយផ្អែកទៅតាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានម៉ឺងមាត់។
ជាកិច្ចបន្តលោកនាយរងការិយាល័យរដ្ឋបាលសរុប មានមតិណែនាំ ក៏ដូចជាក្រើនរំលឹកដល់គ្រប់បណ្តាផ្នែកនីមួយៗ លើការងារមួយចំនួនពាក់ព័ន្ធនឹងជំនាញរដ្ឋបាល សំដៅឲ្យការងាររដ្ឋបាលប្រព្រឹត្តទៅដោយមានភាពរលូន មានប្រសិទ្ធភាព និងបានទាន់ពេលវេលា។
បន្ទាប់មកលោកវរសេនីយ៍ឯក អនុប្រធាននាយកដ្ឋាន មានមតិណែនាំ និងបញ្ជាក់បន្ថែមពាក់ព័ន្ធការងាររដ្ឋបាល ជាពិសេសមន្រ្តីក្រោមឱវាទទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អប្រសើរ និងត្រូវធ្វើយ៉ាងណាគោរពឲ្យបានខ្ជាប់ខ្ជួន នូវវិធានរបស់ក្រសួងសុខាភិបាល ក៏ដូចជាគោលការណ៍របស់រាជរដ្ឋាភិបាល។
ជាទីបញ្ចប់លោកឧត្តមសេនីយ៍ទោ អនុប្រធាននាយកដ្ឋាន មានមតិបូកសរុបលើការងារ ដែលអង្គប្រជុំបានលើកឡើង ព្រមទាំងបានផ្តាំផ្ញើ និងណែនាំសង្កត់បន្ថែម ជុំវិញការពង្រឹងនូវការអនុវត្តន៍ការងារជំនាញ ក៏ដូចជាការងាររដ្ឋបាល ធ្វើយ៉ាងណាអនុវត្តឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវចំពោះការងារ បន្ថែមពីនេះទៀត ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អប្រសើរបន្ថែមទៀត។
បន្ទាប់ពីប្រជុំរួចមក ក្រុមការងារបានចុះត្រួតពិនិត្យផ្ទាល់នៅតាមបណ្តាគោលដៅប្រចាំការ នៅតាមភូមិសាស្ត្ររបស់ប៉ុស្តិ៍ផងដែរ៕
ដោយ៖សហការី