ខេត្តបន្ទាយមានជ័យ៖ បើតាមប្រភពពីលោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឱ្យដឹងនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ នេះថា ផ្ទះតង់សុវត្ថិភាពខ្នាតធំចំនួន៨ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រូវបានផ្តល់ជូនសម្រាប់ជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ស្នាក់នៅបណ្តោះអាសន្ននៅក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
លោករដ្ឋមន្រ្តីបានឱ្យដឹងទៀតថា ខណ:ដែលទឹកកំពុងជន់លិចគំរាមកំហែងផ្ទះសម្បែងប្រជាពលរដ្ឋតាមបណ្តាស្រុក មួយចំនួនជាពិសេសក្រុងសិរីសោភ័ណចំនួនជាង៣០០គ្រួសារ កម្លាំងសង្រ្គោះបានត្រៀមរៀបចំដំឡើងរោងតង់សម្រាប់ទទួលប្រជាពលរដ្ឋដែលរងគ្រោះនៅលើផ្លូវជាតិទីទួលសុវត្ថិភាពដើម្បីស្នាក់នៅបណ្តោះអាសន្ន។
ក្នុងនោះដែរក៏មានរៀបចំទីបញ្ជាការប្រចាំការជួយសង្រ្គោះ រួមមានក្រុមការងារគណ:កម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងថ្នាក់ខេត្ត កងកម្លាំងចម្រុះមាន៖ កងកម្លាំងយោធភូមិភាគទី៥, កងពលតូចថ្មើរជើងលេខ៥១ ,តំបន់ប្រតិបត្តិការសឹករបន្ទាយមានជ័យ កងរាជ អាវុធហត្ថខេត្ត និងស្នងការនគរបាលខេត្ត ផងដែរ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានមានប្រសាសន៍ឲ្យដឹងថា ទោះបីកងកម្លាំងមួយចំនួនកំពុងមមាញឹកទប់ស្កាត់ជំងឺកូវីដ-១៩ក៏ដោយ ក៏កម្លាំងអន្តរាគមន៍បម្រុងមួយផ្នែកទៀតបានមកចូលរួមត្រៀមជួយសង្រ្គោះប្រពលរដ្ឋយើងដែលកំពុងរងគ្រោះដោយទឹកជំនន់ មិនឲ្យប្រជាពលរដ្ឋជួបការលំបាកឬគ្រោះថ្នាក់ដោយប្រការណាមួយនៃគ្រោះទឹកជំនន់នេះឡើយ៕
ដោយ ៖ ប្រាថ្នា