ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២១ម្សិលមិញនេះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងក្រុមការងារក្រសួងសុខាភិបាល រួមទាំងលោក អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីក្រោមឱវាទបានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
បន្ទាប់មក លោករដ្ឋមន្រ្តីបានបន្តចុះពិនិត្យសកម្មភាពអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត រួចបន្តទៅពិនិត្យមន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែតដែលបំពាក់ម៉ាស៊ីន PCR ជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ (TICA)។
ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅទីទួលសុវត្ថិភាពនៃក្រុងសិរីសោភ័ណ និងបានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរក្សាអនាម័យជាប្រចាំដើម្បីជៀសវាងជំងឺរាករូស ជំងឺឆ្លងផ្សេងៗ និងជំងឺកូវីដ-១៩ ព្រមទាំងបានចែកឱសថសម្លាប់មេរោគ ថ្នាំរមាស់ មុងជ្រលក់ថ្នាំ និងសាប៊ូ ជាដើម។
លោករដ្ឋមន្រ្តី ក៏បានផ្តល់ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ នូវឱសថបុរាណចិន ថ្នាំព្យាបាលពស់ចឹក និងឱសថសារវន្តមួយចំនួន៕
ដោយ ៖ សិលា