ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានចូលរួមបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ក្នុងក្របខ័ណ្ឌទូទាំងខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ បានចូលរួមបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ក្នុងក្របខ័ណ្ឌទូទាំងខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១នេះដែរ ក៏មានពិធីទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ ចំនួន ៣លានដូសទៀត ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន។

កម្ពុជាមាន កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៨៧%  ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់  និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,២១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ  ដល់ក្រោម ១២ឆ្នាំ មាន  ៨២,៤១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។

ដោយឡែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានផ្ញើលិខិតជូនលោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បញ្ជាក់អំពីការផ្តល់អំណោយជូនរដ្ឋាភិបាលឡាវ នូវវ៉ាក់សាំងកូវីដ-១៩ (ប្រភេទស៊ីណូវ៉ាក់) ចំនួន ២០ម៉ឺនដូស ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

ដោយ ៖ សិលា


ចែករំលែក៖