ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូបត់ឆ្វេងមិនប្រយត្ន័ត្រូវរថយន្តកុងតឺន័ដែលបើកបញ្ច្រាសគ្នាបុកស្លាប់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជនជាកម្មកររោងចក្រម្នាក់បានស្លាប់គួរឱ្យរន្ធត់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីបើកម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ត្រូវរថយន្តកុងតឺន័រដែលបើកបញ្ច្រាសទិសគ្នាបុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០២១ លើផ្លូវជាតិលេខ១ត្រង់ ចន្លោះគឺឡូម៉ែត្រលេខ១៥៥-១៥៦ ស្ថិតក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថាបុរសដែលស្លាប់មានឈ្មោះ ណេន ចំរើន អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្រោក ឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងជិះម៉ូតូម៉ាក ហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១D-០៧៥៥ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់បន្សល់តែរថយន្តកុងតឺន័រម៉ាក HYUNDAI ពណ៌សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ ៣E-៧០២២នៅនឹងកន្លែង។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានយុវជនម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១D-០៧៥៥ លើផ្លូវជាតិលេខ១ពីលិចទៅកើត ហើយក៏បានបត់ឆ្វេងខ្វះប្រុងប្រយ័ត្នក៏ត្រូវរថយន្តកុងតឺន័រម៉ាក HYUNDAIខាងលើដែលបើកក្នុងទិសដៅបញ្ច្រាសគ្នាជាន់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ច តែម្ដង។

ក្រោយមកអ្នកបើករថយន្តឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់ភ្លាមៗ ខណៈសមត្ថកិច្ចបានមកដល់ធ្វើការវាស់វែងនិងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីដោះស្រាយពេលក្រោយ។

ចំណែកសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖យឹម សុថាន


ចែករំលែក៖