ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត​! ប្រធានក្រុមនាវា MT Strovols ដែលលួចដឹកប្រេង៣០ម៉ឺនប៉ារ៉ែលពីកម្ពុជា​ ត្រូវតុលាការឥណ្ឌូនេស៊ី សម្រេចឃុំខ្លួន​ហើយ​​

ចែករំលែក៖

អន្តរជាតិ​​៖ បើយោងតាមសារព័ត៌មាន Eurasia review នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​៖​ តុលាការឥណ្ឌូនេស៊ី កាត់ទោសឱ្យ​ប្រធានក្រុមនាវា MT Strovols ជនជាតិបង់ក្លាដេស ដែលបានដឹកប្រេងប្រមាណ៣០ម៉ឺនប៉ារ៉ែលពីកម្ពុជា ជាប់ពន្ធនាគារចំនួន១៥ថ្ងៃ និងពិន័យជាប្រាក់ ១០០លានរ៉ូពី ឬប្រមាណ៧ពាន់ដុល្លារ។

សារព័ត៌មាន Eurasia review បាននិយាយបន្ថែមថា​ ជនជាប់ចោទ​ ជាប្រធានក្រុមនាវា MT Strovols ជនជាតិបង់ក្លាដេស​ ត្រូវ​បានឃុំខ្លួនកាលពីសប្តាហ៍មុន ពីបទចូលចតនៅក្នុងដែនសមុទ្រឥណ្ឌូនេស៊ី ដោយគ្មានការអនុញ្ញាត។ ប្រសិនលោក មិនបង់ប្រាកផាកពិន័យនេះទេ លោកនឹងត្រូវជាប់ទោសបន្ថែម១ខែទៀត។

ក្រោយការឃុំខ្លួនប្រធានក្រុមនាវារូបនេះ ប៉ុន្មានថ្ងៃក្រោយមកអាជ្ញាធរទីក្រុងហ្សាកាតា បានឃុំខ្លួននាវិក១៩នាក់ទៀត ដើម្បីសាកសួរ ដែលជាការឆ្លើយតបនឹងសំណើររបស់កម្ពុជា ដែលបានចោទថា នាវា MT Strovols ដែលគ្រប់គ្រងដោយក្រុមហ៊ុន World Tankers Management ថាបានលួចប្រេង ទើបបូមបានពីកម្ពុជាប្រមាណជិត៣០ម៉ឺនប៉ារ៉ែល។

ដោយឡែក​បេី​តាមអ្នកនាំពាក្យប៉ូលីសនៃខេត្ត Riau Islands ប្រទេសឥណ្ឌូនេស៊ី លោក Harry Goldenhardt បានបញ្ជាក់ថា ក្រុមនាវិកទាំងនោះ ត្រូវបានសាកសួរដោយមន្រ្តីប៉ូលិសអន្តរជាតិ តាំងពីថ្ងៃសៅរ៍។​ អ្នកនាំពាក្យរូបនេះ​ បានបញ្ជាក់ទៀតថា «ការសាកសួរ គឺផ្អែកតាមសំណើរបស់រដ្ឋាភិបាលកម្ពុជា និងលិខិតរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលចង់ឱ្យចាប់ខ្លួនក្រុមនាវិក និងបញ្ជូននាវា និងនាវិកមកកម្ពុជាវិញ»។

គួររម្លឹកថា​ អាជ្ញាធរឥណ្ឌូនេស៊ី កាលពីចុងខែសីហាកន្លងមក​ បានឃាត់កប៉ាល់ដឹកប្រេងពីកម្ពុជា MT Strovols និងឃាត់ខ្លួនក្រុមនាវិកជាច្រើននាក់ បន្ទាប់ពីពួកគេបានលួចដឹកប្រេងឆៅ ដែលទើបបូមបានពីកម្ពុជាប្រមាណជិត៣០ម៉ឺនប៉ារ៉ែល។

នាវា MT Strovolos ត្រូវបានបញ្ជាដោយក្រុមហ៊ុន World Tankers Management Pte Ltd នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ឲ្យចាកចេញពីកម្ពុជានៅម៉ោង៨៖០០ល្ងាច ទៅកាន់ដែនទឹកប្រទេសថៃឡង់ដ៏ ដោយយកប្រេងឆៅរបស់កម្ពុជា ទៅជាមួយផងដែរ។​ ចំពោះ​ការចាកចេញរបស់នាវា MT Strovolos ធ្វើឡើងដោយមិនបានឆ្លងកាត់នីតិវិធីប្រតិវេទន៍គយ និងដោយគ្មានការអនុញ្ញាតណាមួយ ពីសំណាក់អាជ្ញាធរកម្ពុជាឡើយ ដែលផ្ទុយនឹងច្បាប់កម្ពុជា។

ក្រសួងរ៉ែ និងថាមពល កាលពេលកន្លងទៅបានសុំជំនួយពីរដ្ឋាភិបាលឥណ្ឌូនេស៊ី ដើម្បីនាំខ្លួនជនល្មើសមកផ្តន្ទាទោស និង យកប្រេងឆៅដែលជាទ្រព្យសម្បត្តិរបស់កម្ពុជាមកវិញ ស្របតាមច្បាប់ជាតិរបស់ប្រទេសទាំងពីរ និងច្បាប់អន្តរជាតិ ដោយសារតែក្រោយពីនាវានេះ បានចាកចេញពីកម្ពុជា មិនដែលបានបង្ហាញឆន្ទៈក្នុងការវិលត្រឡប់ ឬដឹកប្រេងមកកម្ពុជាវិញឡើយ។

គួរបញ្ជាក់ថា KrisEnergy ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិរុករក និងបូមប្រេងនៅប្លុក A ក្នុងដែនសមុទ្រកម្ពុជា បានចាប់ផ្តើមបូមប្រេងជាលើកដំបូងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ នៅខែមិថុនា ឆ្នាំ២០២១នេះ ក្រុមហ៊ុននេះប្រកាសថា ខ្លួនមានបំណុលជាច្រើន ដែលមិនអាចមានលទ្ធភាពសងនោះឡេីយ៕

ដោយ​៖ស​ តារា​(រូបភាព​៖ឯកសារ​)


ចែករំលែក៖