មេដឹកនាំកូរ៉េខាងជើង គឺម ជុងអ៊ុន បានប្រកាសនៅក្នុងកិច្ចប្រជុំសភានាថ្ងៃទី២៩ខែកញ្ញា ថា កូរ៉េខាងជើងនឹងភ្ជាប់ខ្សែទូរស័ព្ទទំនាក់ទំនងជាមួយកូរ៉េខាងត្បូងវិញនៅដើមខែតុលានេះ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសភា រយៈពេលពីរថ្ងៃ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាសថា ទីក្រុងព្យុងយ៉ាងនឹងតភ្ជាប់ខ្សែទូរស័ព្ទទាន់ហេតុការណ៍ជាមួយកូរ៉េខាងត្បូងនៅដើមខែតុលា ដែលជាការអនុវត្តតាមគោលបំណងរបស់ពលរដ្ឋប្រទេសទាំងពីរ ដើម្បីឈានដល់សន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ ។
កូរ៉េខាងជើង បានកាត់ផ្តាច់ខ្សែទូរស័ព្ទទំនាក់ទំនងជាមួយកូរ៉េខាងត្បូងនៅដើមខែសីហាក្រោយពីការតភ្ជាប់វិញបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។
សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា លោកគីម ជុងអ៊ុនបានបង្ហាញពីទស្សនៈច្បាស់លាស់មុនពេលប្រកាសបញ្ចប់សង្គ្រាមឧបទ្វីបកូរ៉េដូចអ្វីដែលប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាស។ កូរ៉េខាងជើងចង់ឱ្យអាមេរិកនិងកូរ៉េខាងត្បូងបញ្ចប់ការចងគំនុំ ដើម្បីធានាដល់ការគោរពគ្នាទៅវិញទៅមក និងផ្តល់ទំនុកចិត្តដល់គ្នា ។ លោកគីម ជុងអ៊ុន បញ្ជាក់ថា នេះជាបញ្ហាធំដែលយើងត្រូវតែដោះស្រាយដើម្បីឈានដល់កិច្ចការធំ កូរ៉េទាំងពីរត្រូវតែមានទំនាក់ទំនងល្អប្រសើរនឹងគ្នាជាមុនសិន។
ពាក់ព័ន្ធនឹងបញ្ហាអាមេរិក មេដឹកនាំកូរ៉េខាងជើង បានបញ្ជាក់ថា ការគំរាមកំហែងដោយយោធា និងគោលនយោបាយចងគំនុំរបស់អាមេរិកនៅមិនទាន់ផ្លាស់ប្តូរនៅឡើយទេ បើទោះបីស្ថិតនៅក្រោមការដឹកនាំរបស់ប្រធានាធិបតីចូ បៃឌិនក្តី។ រដ្ឋាភិបាលអាមរិក បានប្រកាសថាបានត្រៀមលក្ខណៈពិភាក្សាជាមួយកូរ៉េខាងជើងដោយមិនមានលក្ខខណ្ឌណាមួយនោះឡើយ៕
ដោយ៖ធីរីណា(រូបភាព៖ Reuters)