ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ករណីដែលបងប្អូនធ្លាប់បានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ហើយសង្ស័យថាបានឆ្លងជំងឺកូវីដ-១៩ ដោយមានអាការៈមិនស្រួលខ្លួនដូចជា៖ ក្តៅខ្លួនលើសពី ៣៧,៥ អង្សាសេ មានក្អកផ្តាសាយ ឬមានស្លេស្ម …។-ល-។
សូមបងប្អូនបង្កេីនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ហើយត្រូវប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ នៅទីតាំងចំនួន២ (ពីរ) ដែលរដ្ឋបាលខេត្តបានរៀបចំ រៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាកផង) ។
ចំពោះទីតាំងទី១, នៅមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ,និងទីតាំងទី២ នៅវេទិកា ៧មករា ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
គួរបញ្ជាក់ថា បេីយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងថ្មី ៩៧៨នាក់ទៀត ជាសះស្បើយ ៦០៥នាក់ និងស្លាប់ ១៧នាក់ ក្នុងនោះ៖ ករណីឆ្លងសហគមន៍ ៨៩៧នាក់ និង អ្នកដំណើរពីបរទេស ៨១នាក់។
ដោយឡែកគិតត្រឹមព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះដែរ ប្រទេសកម្ពុជា បានរកឃេីញអ្នកឆ្លងចំនួនសរុប ១១២,៦៥១ នាក់,អ្នកជាសះស្បើយ ១០២,៨២៧ នាក់, និងអ្នកស្លាប់ ២,៣១៩ នាក់៕
សូមអានព័ត៍មានលម្អិតនៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត មានដូចខាងក្រោម៖
ដោយ៖សហការី