ខេត្តបាត់ដំបង៖ ជនសង្ស័យ០២នាក់ត្រូវកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការបង្ក្រាបនិងឃាត់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះកម្លាំងសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង ១៩និង៣៥នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។ លោកបានបន្តឱ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនបាននោះទី១-ឈ្មោះ ម៉ាន រ៉ាវី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង និងទី២-ឈ្មោះ ថៃ សុវណ្ណៈ ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង រួមជាមួយវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE)ចំនួន០៤ថង់ទម្ងន់២៥៧,៦៥ក្រាមទាំងសំបក និងទូរស័ព្ទដៃចំនួន០២គ្រឿង។
ក្រោយឃាត់ខ្លួនរួចមក ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ ចន្ទ លីហ្សា