ភ្នំពេញ៖ បើយោងតាម នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់អោយដឹងថា, នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំក្រុមការងារភាគីកម្ពុជា បន្តចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន (AMMTC) លើកទី១៥ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន រួមនិងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រទេសដៃគូសន្ទនា តាមរយៈប្រព័ន្ធវីដេអូសន្និសីទZoom ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ប្រធាន អនុប្រធាន និងសមាជិកនៃក្រុមការងារក្រសួងមហាផ្ទៃទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC) ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។
សូមជម្រាបជូនថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន (AMMTC)លើកទី១៥ នាពេលនេះ គឺបានពិភាក្សាអំពីការងារពាក់ព័ន្ធឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន និងបូករួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រទេសដៃគូសន្ទនា រួមមាន៖ កិច្ចប្រជុំ 8th AMMTC + China, 6th AMMTC + Japan, 2nd AMMTC + Korea និង កិច្ចប្រជុំ 11th AMMTC + 3 ដែលមានប្រទេសព្រុយណេ ធ្វើជាប្រធានដឹកនាំ និងមានការអញ្ជើញចូលរួមពីបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ៕
ដោយ៖ សិលា