ខេត្តប៉ៃលិន៖ បើតាមមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់បានឱ្យដឹងថា បុរសម្នាក់បានរងរបួសធ្ងន់រហូតដល់សន្លប់ ខណ:ដែលបុរសរងគ្រោះជំពាក់លុយគេ ហើយពេលម្ចាស់បំណុលទៅទារមិនព្រមសង ក៏មានទំនាស់ពាក្យសម្តីគ្នា ធ្វើឲ្យម្ចាស់បំណុលខឹងក៏នាំបក្សពួកមកវ៉ៃរហូតដល់សន្លប់តែម្ដង។
សមត្តកិច្ចបន្តថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៩និង២០នាទី ថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលតារា ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលបង្កឡើងដោយសារទំនាស់ពាក្យសម្ដីគ្នារឿងទារលុយជំពាក់ពីជនរងគ្រោះមិនបានក៏ខឹងរួចនាំបក្សពួកមកវាយជនរងគ្រោះជាច្រើនដំបងចំកញ្ចឹងកបណ្ដាលឱ្យសន្លប់។
ជនរងគ្រោះឈ្មោះ ស៊ុន ស៊ឹង ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរកម្មករ មានទីលំនៅនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន( របួសសន្លប់បាត់ស្មារតីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន)។
ចំណែកជនបង្កនិងបក្សពួកមានគ្នាចំនួន ០៩នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមចំនួន ០៣គ្រឿង តែពុំស្គាល់អត្តសញ្ញាណទេព្រោះក្រោយធ្វើសកម្មភាពរួចជនបង្កបានរត់គេចខ្លួនបាត់។
បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកសាលាក្រៅកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖ស សារ៉េត