ភ្នំពេញ៖ ដំណឹងដ៏គួរឲ្យភ្ញាក់ផើ្អលសម្រាប់មហាជន និងក្នុងចង្កោមអ្នកសិល្បៈនៅព្រឹកនេះគឺដំណឹងមរណភាពដ៏គួរឲ្យសង្វេគរបស់អ្នកចម្រៀងល្បីឈ្មោះកាលពីជាង១៥ឆ្នាំមុនគឺលោក សែម សង្វាត ។ តាមការបញ្ជាក់របស់កូនប្រុសរបស់លោកសែម សង្វាតគឺយុវជន សង្វាត បញ្ញា បានបញ្ជាក់នៅលើបណ្តាញសង្គមថាយប់ថ្ងៃទី៣០ខែកញ្ញារំលងអធ្រាត្រឈានចូលថ្ងៃទី០១ខែតុលានេះគឺឪពុករបស់លោកបានទទួលមរណភាពហើយដោយសារជំងឺប្រចាំកាយ។
ដំណឹងនេះបានបង្កើតឲ្យមានការសោកស្តាយជាពន់ពេកពីសំណាក់សិល្បករ និងទស្សនិកជន ហើយដំណឹងទទួលមរណភាពនេះគឺមិនបានប៉ុន្មានម៉ោងផងក្រោយពីម្សិលមិញនេះលោកត្រូវបានគេទម្លាយថាបានស្ថិតនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ក្រោយពីជំងឺធ្វើទុក្ខខ្លាំង ។ កាន់តែអាណិតអាសូរគឺមុនពេលទទួលមរណភាព លោកបានជួបនឹងជីវិតសោកសៅ និងការខិតខំប្រឹងប្រែងទាំងឈឺទាំងជាដើម្បីកូននិងសមាជិកគ្រួសារក្នុងបន្ទុកដើម្បីលក់ផ្លែឈើគ្រប់មុខដោយមិនរស់ពឹងផ្អែកទៅលើការជួយជំនួយតែមួយមុខឡើយ។ ដោយក្តីអាណិតមុនពេលទទួលមរណភាពមានសប្បុរសជនដែលបានដឹងអំពីស្ថានភាពជំងឺរបស់លោកបានផ្ញើថវិកាមួយចំនួនតាមលទ្ធភាពដើម្បីសម្រាលការលំបាកប៉ុន្តែពេលនេះលោកបានចាកចេញឆ្ងាយដោយមិនត្រឡប់។ ដោយបន្សល់ទុកនូវកូនកំព្រា និងកំពុងសិក្សានៅឡើយ។
គេចាំបានដែរថា តារាចម្រៀង សែម សង្វាត មានជំងឺសាច់ច្រមុះ ជាយូរមកហើយ មកដល់ពេលនេះ វានៅតែធ្វើទុក្ខជាប្រចាំ។ ចំណែកក្រពះ និងពោះវៀន ក៏រលាកខ្លាំងធ្ងន់ធ្ងរ ថែមទាំងមានជំងឺថ្លើម ចូលដល់ដំណាក់កាលក្រិន និងមានទឹកដក់ក្នុងពោះទៀតផង ជាហេតុធ្វើឲ្យរូបលោក កាន់តែស្គមរីងរៃ គ្មានសាច់គ្មានឈាម ហើយពេលខ្លះលោកក្អកធ្លាក់ឈាមថែមទៀតផង។
គេនៅមិនទាន់ដឹងអំពីដំណឹងនៃការរៀបចំពិធីបុណ្យនេះនឹងត្រូវរៀបចំធ្វើឡើងនៅទីណានៅឡើយនោះដែរ ប៉ុន្តែមុនទទួលមរណភាពលោកបានផ្តល់គណនីធនគាររបស់កូនប្រុសនៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរគឺគណនី ABA :000445411 SANGVATH RATHANAK ដែលសប្បុរសជនអាចជួយបានតាមសុទ្ធាជ្រះថ្លា៕
ដោយ ៖ វឌ្ឍនា