ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសាធារណការ លើកលែងបន្ធូរបន្ថយយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៩ គ្រឿង ដែលត្រូវបានឃាត់ទុកនាពេលកន្លងមក.!

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីជូនដំណឹង ស្តីពីការលើកលែងបន្ធូរបន្ថយយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៩ គ្រឿង ដែលត្រូវបានឃាត់ទុកនាពេលកន្លងមក ដោយមន្ត្រីមានសមត្ថកិច្ចប្រចាំស្ថានីយជញ្ជីងអចល័ត និងជញ្ជីងចល័ត នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដោយរាជរដ្ឋាភិបាលបាននិងកំពុងរៀបចំកែសម្រួល ដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដោយបានបើកឱ្យដំណើរការឡើងវិញនូវសាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍ និង ការស្ដារសកម្មភាពធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច សង្គម ជាពិសេសការគាំទ្រដល់ការរស់ឡើងវិញរបស់វិស័យ ឯកជន និងបានលើកលែងបន្ធូរបន្ថយក៏ដូចជាផ្ដល់ឱកាសសារជាថ្មីនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណី ជាតិខ្មែរខាង មុខនេះ ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលមន្ត្រី មានសមត្ថកិច្ចប្រចាំស្ថានីយជញ្ជីងអចល័ត និងជញ្ជីងចល័ត នៃក្រសួងសាធារណការ និងដឹកជញ្ជូន បាន ឃាត់ទុកនាពេលកន្លងមក គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សូមអញ្ជើញ ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តទាំងអស់ មកចូលរួមដោះស្រាយដូចខាងក្រោម៖

១- ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលត្រូវបានឃាត់ទុក ហើយបានបង់ប្រាក់ពិន័យរួចរាល់ហើយនោះ អាចមកទទួលយានយន្តនៅតាមទីតាំងរក្សាទុកយានយន្ត ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ព្រមទាំងធ្វើកិច្ចសន្យាលែងប្រព្រឹត្តបទល្មើស ដឹកជញ្ជូនលើកទម្ងន់កម្រិតកំណត់ជាលើកទី២ បន្តទៀត។

២- ដោយឡែក ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលត្រូវ បានឃាត់ទុក និងមិនទាន់បង់ប្រាក់ពិន័យត្រឹមត្រូវតាមច្បាប់ ត្រូវមកដោះស្រាយ និងបង់ប្រាក់ពិន័យឱ្យ បានមុន ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ជាកំហិត ក្នុងករណីផុតរយៈពេលនេះ គណៈកម្មាធិការដឹកនាំការត្រួត ពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នឹងចាត់វិធានការតាមនីតិវិធី និងបទប្បញ្ញត្តិច្បាប់ជា ធរមាន។

៣- គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នឹងខិតខំ ធ្វើការផ្សព្វផ្សាយជូនដំណឹងឱ្យបានទូលំទូលាយបន្ថែមទៀតអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដល់ សាធារណជនទូទៅឱ្យបានយល់ដឹង និងជ្រួតជ្រាបកាន់តែច្បាស់ រួមទាំងខិតខំបន្តការរឹតបន្តឹងអនុវត្តច្បាប់ ដោយមិនយោគយល់ឬលើកលែងជាលើកទី២ទៀតឡើយ ចំពោះយានយន្តទាំងឡាយណាដែលដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់។

៤- រាល់ការប្រគល់-ទទួលយានយន្ត ម្ចាស់យានយន្ត ត្រូវមកទទួលយានយន្តនៅតាមទីតាំង ដែលបានឃាត់ទុក គិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លើកលែងតែថ្ងៃ ទី០៥-០៦-០៧ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ម្ចាស់យានយន្ត ត្រូវភ្ជាប់មកជាមួយនូវ សំណុំឯកសារ ឬលិខិតស្នាមពាក់ព័ន្ធនឹងយានយន្ត ដែលបានឃាត់ទុកនាពេល កន្លងមក ដែលចេញដោយមន្ត្រីមានសមត្ថកិច្ចប្រចាំស្ថានីយជញ្ជីងអចល័ត និងជញ្ជីងចល័ត នៃក្រសួង សាធារណការ និងដឹកជញ្ជូន។

ទទួលបានសេចក្ដីជូនដំណឹងនេះ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ សង្ឃឹមនឹងជឿជាក់ថា ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ដែលបានឃាត់ទុកនាពេលកន្លងមកទាំងអស់នឹងចូលរួមសហការដើម្បីធ្វើការដោះស្រាយតាមនីតិ វិធីរដ្ឋបាល ដូចបានជូនដំណឹងនេះ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖