ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​សុខាភិបាល​ថៃ៖ អ្នកជំងឺកូវីដ​-១៩​នៅតែបន្តស្លាប់ជាង១០០នាក់​ក្នុង​មួយ​ថ្ងៃ ខណៈ​អ្នកឆ្លងថ្មីមានចំនួន​ជាង​មួយ​ម៉ឺន​នាក់ដដែល

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post បានដកស្រង់ការចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ នៅថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១នេះថា៖​ អាជ្ញាធរ​មូលដ្ឋាន​ ក្នុង​រយៈពេល​ត្រឹម​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១១,៧៥៤ករណីបន្ថែមទៀត, ខណៈ​ដែលអ្នកជំងឺចំនួន ១២៣នាក់បន្ថែមទៀតត្រូវបានរាយការណ៍ថាបានស្លាប់ផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា។
បើតាមក្រសួងសុខាភិបាលថៃបាននិយាយបន្ថែមថា​ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១១,២៥៣ករណីត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៥០១ករណីទៀតត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ ក៏មានអ្នកជំងឺចំនួន ១២,៤៧៣នាក់ផ្សេងទៀតក្រោយព្យាបាលជាសះស្បើយ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យផងដែរ។

គួរបញ្ជាក់ថា​ ប្រទេសថៃ​ គិតត្រឹមពេលនេះបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សរុប៥១លានដូស ក្នុងនោះប្រជាជនជិត១៩លាននាក់ (ជាង ២៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។ ចំណែក​ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសថៃ​ មានចំនួន ១,៦១៥,២២៩ករណី ក្នុងនោះមានអ្នកស្លាប់ ១៦,៨៥០នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៤៨៣,១៤៦នាក់៕

ដោយ​៖ស​ តារា


ចែករំលែក៖