ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗក្នុងសភាពបែកក្បាលធ្លាយខួរខ្ទាតខ្ចាយពេញផ្លូវខណៈកំពុងជិះម៉ូតូតាមដងផ្លួវត្រូវរថយន្តកុងតឺន័រមួយគ្រឿងរបស់ក្រុមហ៊ុនតេងឡាយបើកបុកកិនកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៤ ទល់មុខតំបន់សេដ្ឋកិច្ច ក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សពជនរងគ្រោះ ភេទប្រុស មានអាយុជាង២០ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FV-8025 ។ រីឯរថយន្តសណ្តោងកុងតឺន័របង្កហេតុម៉ាក FREIGHTLINER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-8103 របស់ក្រុមហ៊ុនតេងឡាយ ក្រោយកើតហេតុភ្លាមៗឃើញសភាពមិនស្រួលអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោល ។
តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុ គេឃេីញរថយន្តបង្កបើកតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត។ ពេលមកដល់ចំណុចកើតហេតុរថយន្តនេះបានបើកកៀរម៉ូតូជនរងគ្រោះ ក្នុងដំណើរស្របទិសគ្នាធ្វើឱ្យដួលហើយ រថយន្តបានកិនពីលើជនរងគ្រោះបន្ថែមទៀតបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយបែកក្បាលធ្លាយខួរខ្ទេចនៅកណ្តាលផ្លូវធ្វើឲ្យកកស្ទះចរាចរណ៍។
ក្រោយកើតហេតុភ្លាមៗត្រូវបានកម្លាំងនគរបាលខណ្ឌកំបូលចុះទៅធ្វើអន្តរាគមន៍ សម្រួលចរាចរណ៍ និងលើកយកសពចេញ រួចយករថយន្តនិងម៉ូតូទៅដាក់នៅកៀនផ្លូវ ដើម្បីឲ្យចរាចរណ៍បានធូរស្រាលឡើងវិញ ។
ចំពោះសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ធ្វើការស្រាវជ្រាវស្វែងរកសាច់ញាតិ រីឯរថយន្តនិងម៉ូតូបានប្រគល់ទៅឱ្យការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញធ្វើការវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី ៕
ដោយ៖សុខាសែនជ័យ