ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចទប់ស្កាត់ពលករ១១នាក់ប៉ុនប៉ងឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់

ចែករំលែក៖

ខេត្តបាត់ដ៏បង៖ នគរបាលការិយាល័យផ្សព្វផ្សាយអប់រំរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ ក្រោមការអនុវត្តវិធានការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កម្លាំងចម្រុះបានចុះល្បាតត្រួតពិនិត្យប្រជាពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញ-ចូលខុសច្បាប់ឆ្លងដែនចូលទៅក្នុងទឹកដីថៃ។

 ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី៣០ ខែកញ្ញា កន្លងមកនេះ កងកម្លាំងចម្រុះប្រចាំតំបន់ព្រំដែនបានចុះទប់ស្កាត់ករណីប៉ុនប៉ងលួចឆ្លងដែននៅក្នុងចំណុច ភូមិសាស្ត្រស្រុកសំពៅលូន។

កម្លាំងសមត្ថកិច្ចការពារព្រំដែនបានចុះប្រតិបត្តិការទប់ស្កាត់ការឆ្លងដែនខុសច្បាប់នេះធ្វើឡើងនៅត្រង់ចំណុចភូមិសាស្ត្រ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយឃាត់ខ្លួនបានពលករខ្មែរចំនួន១១នាក់ ក្នុងនោះមានបុរសចំនួន០៥នាក់ និងស្ត្រីចំនួន០៦នាក់។

ក្រោយការងារចុះទប់ស្កាត់ កម្លាំងចម្រុះបានអប់រំ ណែនាំ និងសាកសួររកមុខសញ្ញាមេខ្យល់ រួចប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលស្រុកសំពៅលូនអនុវត្តនីតិវិធីបន្ត៕

ដោយ៖ស សារ៉េត


ចែករំលែក៖