ខេត្តព្រៃវែង ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកពារាំង និងសហការី នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១នេះ បានប្រគេនទេយ្យទានជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនចំពោះព្រះសង្ឃដែលគង់នៅវត្តចំនួន៦ ស្ថិតនៅក្នុងឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង សម្រាប់ពិធីបុណ្យកាន់បិណ្ឌ។
ទេយ្យវត្ថុ និងបច្ច័យដែលត្រូវបាននាំយកទៅប្រគេនចំពោះព្រះសង្ឃចំនួន៦វត្តនាឱកាសនោះ ក្នុងមួយវត្តៗលោកនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការបានប្រគេននូវសាដក១កញ្ចប់, ទឹកសុីអុីវ ៥យួរ, ទឹកត្រី៥យួរ, មីជាតិ១០កេសតូច, ត្រីខកំប៉ុង៥កេស, ទឹកក្រូច១០កេស, ទឹកបរិសុទ្ធ១០កេស, អង្ករ២០០គីឡូក្រាម, បច្ច័យជូនលោកអាចារ្យ និងគណៈកម្មការវត្ត១២នាក់ ក្នុង០១នាក់១០០.០០០រៀល, បច្ច័យជូនលោកអាចារ្យវត្តចុងក្រូច៥នាក់ ក្នុង០១នាក់ ៥០.០០០រៀល, ចតុបច្ច័យប្រគេនព្រះសង្ឃ៦អង្គ ក្នុង១អង្គ ៥០០.០០០រៀល, បច្ច័យកសាងវត្ត ក្នុង១វត្ត៤.០០០.០០០រៀល សរុបថវិកា ៤០.៣២៧.០០០រៀល។ ជាមួយសទ្ធាជ្រះថ្លាក្នុងការប្រគេនទេយ្យទានទាំងឡាយនេះ នាយឧត្តមសេនីយ៍វង្ស ពិសេន និងសហការី បានឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតកាទាំ ៧សណ្ដានដែលបានចែកឋានទៅលោកខាងមុខ ព្រមទាំងដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារទឹកដី សូមបានសោយសុខក្នុងឋានសុគតិភព។
លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនកើតមានដល់ក្រុមគ្រួសារ មន្ត្រីរាជការក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា សូមទទួលបានសុភមង្គល ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។
ក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍វង្ស ពិសេនបានគូសបញ្ជាក់ថា ជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កើតចេញពីកត្តាសំខាន់៣៖
– ការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
– មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋមានការចូលរួមគោរព អនុវត្តវិធានការ និងការណែនាំរបស់រាជរដ្ឋាភិបាល។
– មានការជួយគាំទ្រពីបណ្តាប្រទេសជាមិត្តក្នុងការផ្ដល់វ៉ាក់សាំងកូវីដ-១៩។
ជាមួយនោះដែរ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា និងបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ ព្រមទាំងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យកើតក្នុងគ្រួសារ និងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីដំណើរការឡើងវិញនូវវិស័យអប់រំ, ទេសចរណ៍ និងសេដ្ឋកិច្ចជាតិយើង៕
ដោយ៖ ស សម