ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំនួញ​ជនជាតិ​កូសូវ៉ូម្នាក់​ ថ្លែង​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាលកម្ពុជា​ ក្រោយទទួលបានភាពយុត្តិធម៌ឡើងវិញ​ ខណៈ​រងភាពអយុត្តិធម៌អស់រយៈពេល ៤ឆ្នាំកន្លងមក

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកជំនួញ​ជនជាតិ​កូសូវ៉ូម្នាក់​ លោក COKOVIC DENIS បន្ទាប់​ពី​បានទទួលយុត្តិធម៌ឡើងវិញ​ ក្រោយពី​រងភាពអយុត្តិធម៌អស់រយៈពេល ៤ឆ្នាំកន្លងមក​ ហេីយនៅក្នុង​សន្និសីទសារព័ត៌មានមួយ កាលពីរសៀលថ្ងៃសុក្រទី០១​ ខែតុលា​ ឆ្នាំ​២០២១​ បានសម្តែងការដឹងគុណចំពោះព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ,សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ចំពោះភាពជាអ្នកដឹកនាំដែលបានផ្តល់នូវសន្តិភាពនិងវិបុលភាព ដល់ព្រះរាជាណាចក្រកម្ពុជា​ និងប្រជាជនទាំងអស់នៅកម្ពុជា។​ ជាមួយគ្នានេះ​ អ្នកជំនួញ​ជនជាតិ​កូសូវ៉ូរូបនេះ​ ក៏សូមថ្លែងអំណរគុណចំពោះតុលាការគ្រប់កម្រិតនៅប្រទេសកម្ពុជា​ ជាពិសេសតុលាការកំពូលដែលបានជួយឱ្យគាត់ក្នុងការស្វែងរកយុត្តិធម៌។ មិនតែប៉ុណ្ណោះ​ លោក​ COKOVIC DENIS បានសង្កត់ធ្ងន់ថា​៖​ “សូមអរគុណសន្តិភាព!” ប្រសិនបើមានឱកាសរូបគាត់ផ្ទាល់ចង់ជួបសម្តេចតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ដើម្បីបង្ហាញពីការដឹងគុណនិងបង្ហាញពីការប្តេជ្ញាចិត្តពិតប្រាកដក្នុងការវិនិយោគនៅកម្ពុជា។​

សូមជម្រាបថា​ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧កន្លងទៅ​​ លោក COKOVIC DENIS, ឈ្មោះ SIRILUCK CHOOCHAR និងឈ្មោះ SOMPONG SAKULTHAP ត្រូវបានដើមបណ្ដឹងរដ្ឋប្បវេណី​ បានដាក់ពាក្យបណ្ដឹងមកកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទល្មើសមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងសមគំនិត ព្រមទាំងបទល្មើសឆបោក​។ បន្ទាប់មកសាលាដំបូងរាជធានីភ្នំពេញ​ បានសម្រេចតាមសាលក្រមព្រហ្មទណ្ឌលេខ ៨៩២ត ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ឱ្យ​ជនជាប់ចោទទាំងបីនាក់រួចផុតពីបទចោទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងសមគំនិត ហើយជនជាប់ចោទទាំងបីនាក់ត្រូវបានតុលាការចោទប្រកាន់ពីបទឆបោក ដោយផ្តន្ទាទោសម្នាក់ៗរយៈពេល២ឆ្នាំ។

ប៉ុន្តែ​ដោយ​ជនជាប់ចោទទាំងបីនាក់​មិនសុខចិត្ត​ ក៏ប្តឹងឧទ្ធរណ៍ បន្ទាប់មកសាលាឧទ្ធរណ៍ក៏បានសម្រេចតាមសាលដីកាលេខ ៤១ ក្រIIប​ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ដោយតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការ លើកលែងតែចំណុចផ្តន្ទាទោសរយៈពេល២ឆ្នាំលើឈ្មោះ COKOVIC DENIS មកដាក់ផ្តន្ទាគាររយៈពេល១ឆ្នាំ១០ខែ វិញ។ ជនជាប់ចោទទាំងបីនាក់នូវតែមិនសុខចិត្ត ក៏បន្តប្តឹងសាទុក្ខមកតុលាការកំពូល ហើយត្រូវបានតុលាការកំពូលសម្រេចតាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ ២៣៣ IV ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ឱ្យ​ជនជាប់ចោទទាំងបីនាក់រួចផុតពីបទឆបោក។

ដោយឡែក​ចំពោះ​ករណី​មួយទៀត​ ដើមបណ្តឹងរដ្ឋប្បវេណី​ ក៏បានប្តឹងឈ្មោះ COKOVIC DENIS, ឈ្មោះ SIRILUCK CHOOCHAR និងឈ្មោះ SOMPONG SAKULTHAP ម្តងទៀត​ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងសមគំនិត។ បន្ទាប់​មកសាលាដំបូងរាជធានី​ បានសម្រេចតាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ១៦១៤ហ​ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ឱ្យ​ជនជាប់ចោទទាំងបីនាក់ខាងលើ រួចខ្លួនពីបទចោទខាងលើដែរ។ ដើមបណ្តឹងមិនសុខចិត្តនឹងសាលក្រមនេះ ក៏ប្តឹងឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍ក៏បានសម្រេចតាមសាលដីកាព្រហ្មទណ្ឌលេខ ១៥៩ ក្រIIរ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយច្រានចោលនូវបណ្តឹងឧទ្ធរណ៍របស់ដើមបណ្តឹងរដ្ឋប្បវេណី។

ដោយ​ដើមបណ្តឹងរដ្ឋប្បវេណី​ នូវតែមិនសុខចិត្តពីសាលដីកានេះ ក៏ធ្វើបណ្តឹងសាទុក្ខទៅតុលាការកំពូលទៀត ហើយតុលាការកំពូលក៏បានជំនុំជម្រះនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ និងប្រកាសជាសាធារណៈនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ តាមសាលដីកាព្រហ្មទណ្ឌលេខ ៣៣៧ VI​ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដោយបដិសេធបណ្តឹងសាទុក្ខរបស់ដើមបណ្តឹង និងសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ។

បេី​តាមការបញ្ជាក់ពី​លោក Denis Cokovic​ បានឱ្យដឹងថា​ ព្រះរាជាណាចក្រកម្ពុជា​ មានគុណតម្លៃស្នូលនៃប្រព័ន្ធយុត្តិធម៌ផ្ទាល់ខ្លួនមានភាពយុត្តិធម៌​ និងមានតុល្យភាពដើម្បីបម្រើនិងការពារខ្ញុំ​ និងអាជីវកម្មរបស់ខ្ញុំ -នីតិរដ្ឋមានកំរិតខ្ពស់ -សិទ្ធិមនុស្សត្រូវបានការពារជាអតិបរមា -ស្ថាប័នត្រូវបានរៀបចំឡើងហើយនៅកម្រិតខ្ពស់ខ្ញុំមិនអាចសុំអ្វីប្រសើរជាងនេះបានទេ។ ព្រះរាជាណាចក្រកម្ពុជា​ និងរាជរដ្ឋាភិបាលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន​ សែន​ កំពុងអភិវឌ្ឈន៏ប្រទេសកម្ពុជាឱ្យរីកចម្រើននិងការពារវិនិយោគិនបរទេសទាំងអស់ដែលចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា។

អ្នកជំនួញ​រូបនេះ​ បានឱ្យដឹងទៀតថា​ សម្រាប់វិនិយោគិនដូចខ្ញុំផ្ទាល់ខ្ញុំបានឃើញឱកាសជាច្រើនសម្រាប់ប្រជាជនមកពីគ្រប់ស្រទាប់វណ្ណៈក្នុងការបង្កើនជំនាញនិងជំនាញរបស់ពួកគេដើម្បីជួយលើកកម្ពស់រដ្ឋាភិបាលក្នុងការអភិវឌ្ឈន៏​ ប្រទេសកម្ពុជានិងប្រកួតប្រជែងក្នុងទីផ្សារពិភពលោក។

ប្រទេសកម្ពុជា​ គឺជាប្រទេសដែលមានកម្លាំងពលកម្មក្មេងជាងគេបំផុតនៅលើពិភពលោក កម្មករវ័យក្មេងមួយចំនួនធំមានជំនាញគ្រប់វិស័យបច្ចុប្បន្ននេះសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនបានជំរុញយ៉ាងខ្លាំងក្លាដល់ការអប់រំខ្ពស់ដើម្បីបង្កើនធនធានមនុស្សដើម្បីបំពេញតម្រូវការកម្លាំងការងារនៅសតវត្សរ៍ទី២១ រួមទាំងការគាំទ្រយ៉ាងខ្លាំងដល់វិស័យកសិកម្ម ។

លោក CokovicDenis បានបន្ថែមថា​ ខ្ញុំនឹងអញ្ចើញអ្នកវិនិយោគ​ផ្សេងៗ​ មកវិនិយោគនៅកម្ពុជាលើគ្រប់វិស័យទាំងអស់ ព្រោះប្រទេសកម្ពុជាមានសក្តានុពលធំធេង ហើយគំនិតរបស់ខ្ញុំចំពោះការវិនិយោគមួយដុល្លារអាចរកបានមួយពាន់ យើងមានរដ្ឋាភិបាលដ៏ល្អ ហើយមានធនធានធម្មជាតិជាច្រើន មានមនុស្សដែលមានជំនាញផ្សេងៗ មានការលើកទឹកចិត្តតាមរយៈពន្ធ និងច្បាប់វិនិយោគបរទេសសាមញ្ញ។

ដោយឡែក​នៅពេលដែល​លោកជាប់​ពន្ធនាគារ​នោះ​ លោក CokovicDenis ក៏បានគូសបញ្ជាក់ថា​៖​​ “ខ្ញុំគ្មានបញ្ហាទេសិទ្ធិមនុស្ស​ ត្រូវបានការពារក្នុងកម្រិតខ្ពស់បំផុតសម្រាប់អ្នកទោសទាំងអស់ជាពិសេសចំពោះជនបរទេសជនបរទេសត្រូវបានការពារជាអតិបរមាពីរដ្ឋបាលពន្ធនាគារនិងពីមន្រ្តីពន្ធនាគារគ្រប់រូប។ ខ្ញុំសូមឆ្លៀតឱកាសនេះផ្ញើការគោរពនិងសូមអរគុណចំពោះការគោរពដ៏ត្រឹមត្រូវចំពោះការគ្រប់គ្រងពន្ធនាគារទាំងមូលនិងមន្រ្តីពន្ធនាគារទាំងអស់”៕ដោយ​៖ស​ តារា

​រូបភាព​៖​ លោក COKOVIC DENIS ​ធ្វើ​សន្និសីទសារព័ត៌មានមួយ កាលពីរសៀលថ្ងៃសុក្រទី០១​ ខែតុលា​ ឆ្នាំ​២០២១​ម្សិលមិញនេះ​


ចែករំលែក៖