ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករថយន្ត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០៖២០នាទីព្រឹកថ្ងៃទី២ ខែតុលាឆ្នាំ ២០២១ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៧២-៧៣ ស្ថិតនៅចំណុចភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបង្កឡើងរវាងរថយន្ត ម៉ាក FUSO ពណ៌បៃតង ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1672 សណ្ដោងស៊ឺមីរ៉ឺម៉ក ពាក់ស្លាកលេខ កំពង់ស្ពឺ 4A-0007 អ្នកបើកបរមិនស្គាល់ឈ្មោះ និងអត្តសញ្ញាណ(ចុះរត់គេចខ្លួន) និងរថយន្តម៉ាក សាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2R-2932 បើកបរដោយឈ្មោះ ឌី សុម៉ានិត ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិបាក់ខ្លង ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង(ស្លាប់)រីឯអ្នករួមដំណើរជាមួយឈ្មោះ ឌី សុម៉ានុន ភេទប្រុស អាយុ ១៣ឆ្នាំ (របួសធ្ងន់) រួចបានបញ្ជូនទៅមន្ទីរពេទ្យ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត FUSO បើកបរពីទិសខាងលិចទៅទិសខាងកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចខាងលើ បានបុកជាមួយនឹងរថយន្តសាំយ៉ុងតែម្ដងក្នុងទិសដៅផ្ទុយគ្នា។
បច្ចុប្បន្នជំនាញបានយករថយន្តស្ទូចមកអូសរថយន្ដទាំង២ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បីកសាងសំណុំរឿងចាត់ការបន្ដ៕
ដោយ៖ ស សម