អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់ចេញផ្សាយពីកោះតៃវ៉ាន់ បានអះអាងនាព្រឹកថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១នេះថា ក្បួនយន្តហោះចម្បាំងចិនធំបំផុតមិនធ្លាប់មាន បានចល័តចូលមកក្នុង តំបន់ការពារដែនអាកាសរបស់ខ្លួន ស្ថិតនៅពីលើប្រជុំកោះ ប្រាតាស់ (Pratas) ដែលតៃវ៉ាន់ជាអ្នកគ្រប់គ្រង កាលពីយប់ថ្ងៃសុក្រ និងព្រឹកថ្ងៃសៅរ៍នេះ។
ប្រភពពីកោះតៃវ៉ាន់ បាននិយាយបន្ថែមថា ក្បួនយន្តហោះចម្បាំងចិនខាងលើនេះ មានយន្តហោះជាច្រើនប្រភេទ សរុបរហូតដល់ទៅ ៣៨គ្រឿងឯណោះដូចជា យន្តហោះចម្បាំង J-16 ចំនួន ១៨គ្រឿង និង Su-30 ចំនួន ៤គ្រឿង, យន្តហោះទម្លាក់គ្រាប់បែក H-6 ចំនួនពីរគ្រឿង និងយន្តហោះប្រឆាំងនាវាមុជទឹកមួយគ្រឿងផងដែរ។
ប្រភពដដែល បន្តថា ខ្លួនក៏បានប្រទះឃើញយន្តហោះចិនសរុប ១៣គ្រឿងទៀតផងដែរ ក្នុងនោះមានដូចជា យន្តហោះ J-16 ចំនួន ១០គ្រឿង, យន្តហោះទម្លាក់គ្រាប់បែក H-6 ចំនួន ២គ្រឿង និងយន្តហោះអង្កេតការណ៍ចំនួនមួយគ្រឿងទៀត បានហោះឈានចូលមកដល់នៅព្រឹកព្រហាមថ្ងៃសៅរ៍នេះផងដែរ។
ដោយឡែកកោះតៃវ៉ាន់ ក៏បានបញ្ជូនយន្តហោះរបស់ខ្លួន ដើម្បីរុញច្រានយន្តហោះចិនទាំងនោះ ឱ្យត្រលប់ទៅវិញផងដែរ។
គួរបញ្ជាក់ថា ការបញ្ជូនក្បួនយន្តហោះចិន មកក្បែរៗកោះតៃវ៉ាន់លើកនេះ បានកើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិកនៅចំពោះមុខ UN បានសន្យាជួយជ្រោមជ្រែងកោះតៃវ៉ាន់ ឲ្យចូលរួមវេទិកាថ្នាក់អន្តរជាតិ៕ដោយ៖ស តារា
រូបភាពឯកសារ៖AP
រូបភាព៖Reuters