ខេត្តបាត់ដំបង៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថារោងគោដ៏ធំមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅតែមួយប៉ប្រិចភ្នែកគ្មានសល់អ្វីទាំងអស់។
ករណីនេះត្រូវបានគេអះអាងថា បណ្ដាលមកពីការទុស្សេខ្សែចរន្តអគ្គិសនីទើប បណ្ដាលឲ្យឆាបឆេះរោងគោដ៏ធំមួយនោះ ដែលមានគំនរចំបើងនៅក្នុងរោងខាងលើ រួមទាំង តុ ទូ និងសម្ភារៈផ្សេងៗមានតំលៃជាច្រើនទៀត ដែលម្ចាស់បានរើចេញពីផ្ទះ រួចដឹកយកទៅរក្សាទុកនៅក្នុងរោងនោះ ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ នៅចំណុចភូមិកៀនកែស១ ក្នុងឃុំគោកឃ្មុំ ស្រុកថ្មគោល។
ក្នុងករណីអគ្គិភ័យនោះ ការខូចខាតគិតជាទឹកប្រាក់ប្រមាណ៣ម៉ឺនដុល្លារ ប៉ុន្តែក្នុងហេតុការណ៍នេះមិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។
បើតាមសសម្តី អធិការស្រុកថ្មគោល លោកសេង លុច បានប្រាប់ដឹងថា ទីតាំងដែលអគ្គិភ័យបានឆាបឆេះនោះ វាជារោងគោដ៏ធំ ដែលមានទំហំ ១៥ម៉ែត្រx៣០ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី របស់ឈ្មោះ ម៉ាញ់ វាសនា ភេទប្រុស អាយុ៥៧ឆ្នាំជាអ្នកស្រុករស់នៅក្នុងឃុំខាងលើ។
លោកអធិការស្រុកថ្មគោលសេងលុចបន្តថា កម្លាំងជំនាញរបស់លោកបានចេញរថយន្ពពន្លត់អគ្គិភ័យជួយអន្តរាគមន៍ទាំងយប់ តែមិនអាចជួយសង្គ្រោះបាន ដោយសារតែរោងគោនោះពោរពេញទៅដោយគំនរចំបើង ឈើតុ ទូ និងសម្ភារៈនានា ដែលម្ចាស់រើចេញពីក្នុងផ្ទះរួចដឹកយកទៅទុកក្នុងរោងគោទាំងអស់ ទើបធ្វើឲ្យអគ្គិភ័យឆាបឆេះយ៉ាងលឿន មិនអាចគ្រប់គ្រងបាន។
លោកបន្តថា រោងគោដ៏ធំនោះ គ្មានសត្វគោទេ គឺមានតែគំនរចំបើង និងឈើ គ្រែ តុ ទូ រួមទាំងសម្ភារៈផ្សេងៗរបស់ជនរងគ្រោះប៉ុណ្ណោះ។
បើតាមការរៀងរាប់របស់ជនរងគ្រោះ ដែលសមត្ថកិច្ចបានស្រង់សម្ដី គឺគាត់បានដឹកចំបើងជាច្រើនទៅគរទុកនៅក្នុងរោងគោ ហើយស្របពេលនោះ គាត់ក៏បានរុះរើផ្ទះចាស់ ដើម្បីសាងសង់ផ្ទះថ្មីផងដែរ ដោយគាត់បានរើអីវ៉ាន់ គ្រែ តុ ទូ សម្លៀកបំពាក់ និងសម្ភារៈក្នុងផ្ទះទាំងអស់ ប្រមូលយកទៅរក្សាទុកក្បែរគំនរចំបើងនៅក្នុងរោងគោនោះ។
ជនរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចទៀតថា ខណៈពេលដែលផ្ទះថ្មីកំពុងសាងសង់ គាត់ក៏បានស្នាក់នៅបណ្ដោះអាសន្ននៅក្នុងរោងគោនោះដែរ ហើយនៅយប់កើតហេតុ ពេលគាត់កំពុងសំរាកលុងលក់ ស្រាប់តែមានអគ្គិភ័យកើតឡើងយ៉ាងសន្ធោសន្ធៅផ្អើលពេញភូមិមួយរំពេច។
លោកបានបញ្ជាក់ថា បើតាមការពិនិត្យពីចំណុចចាប់ផ្ដើម នៃអគ្គីភ័យ គឺអាចបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី រហូតទុស្សេខ្សែភ្លើងបង្កជាអគ្គិភ័យតែម្ដង។
ជនរងគ្រោះបានបញ្ជាក់ផងដែរថា អគ្គិភ័យដ៏សន្ធោសន្ធៅដែលឆាបឆេះយ៉ាងលឿននេះ ធ្វើឲ្យគាត់មិនអាចរំដោះយកព្រទ្យសម្បត្តិអ្វីបានឡើយហើយទ្រព្យសម្បត្តិដែលបាត់បង់រួមមាន ៖ រោងគោមួយខ្នង ទូរសទស្សន៍០២គ្រឿង ទូដាក់សម្លៀកបំពាក់ចំនួន០៣ តុឈើបេងចំនួន០២ សម្លៀកបំពាក់ទាំងអស់ដែលមាន និងប្រាក់ចំនួន២ម៉ឺនដុល្លារ ដែលគាត់ទើបដកចេញពីធនាគារបានចំនួន២០ថ្ងៃសម្រាប់ធ្វើផ្ទះថ្មីផងដែរ។
សូមបញ្ជាក់ថា ការខូចខាតដោយសារអគ្គិភ័យនេះ បើគិតជាទឹកប្រាក់ គឺអស់ប្រមាណ៣ម៉ឺនដុល្លារ។
លោក អធិការនគរបាលស្រុកថ្មគោលសេង លុច បានបញ្ជាក់ថា គ្រឿងអលង្ការមួយចំនួនម្ចាស់រកឃើញវិញ តែរលាយអស់ទៅហើយ ដោយឡែកប្រាក់ដុល្លារចំនួន២ម៉ឺនដែលជនរងគ្រោះទើបដកចេញពីធនាគារ ដើម្បីយកមកឲ្យថ្លៃជាងផង តែគាត់ទុកនៅក្រោមពូកនោះ ក៏ត្រូវភ្លើងឆេះអស់គ្មានសល់ដែរ។
លោក បានបញ្ជាក់ផងដែរថា រថយន្តពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុក រួមទាំងរថយន្តកែច្នៃ០២គ្រឿងទៀត បានតត្រឹមតែបាញ់ទឹកការពារកុំឲ្យឆេះរាលដាល បន្តប៉ុន្តែតួរោងគោវិញ ត្រូវអគ្គិភ័យលេបត្របាក់អស់ទៅហើយ៕
ដោយ៖ អរុណរះ