ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នាផ្អើលអ្នកភូមិទាំងក្បាលព្រលប់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្ត២ គ្រឿងបានបុកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង ទាំងមេឃកំពុងភ្លៀងរលឹមបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់សំណាងមិនមានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៤នាទីព្រលប់ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២១  លើផ្លូវជាតិលេខ ០១ គីឡូម៉ែត្រ ១២៦និង១២៧ ស្ថិតក្នុងភូមិ បាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថាអ្នកបើករថយន្ដបង្កហេតុមានឈ្មោះ គឹម​ ម៉ារុន  អាយុ ៦៦ ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិ រូងតាកុក ឃុំ រំលេច ស្រុក​ បាកាន ខេត្ត ពោធិ៍សាត់បើករថយន្ត ម៉ាក ហុីយ៉ាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ កំពង់ចាម ៣A. ០៣០០ខូចខាតយ៉ាងដំណំ។

ចំណែកភាគីម្ខាងទៀតត្រូវបានស្គាល់ឈ្មោះ សិត​ សុខខុម អាយុ ២៥ ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិ ត្រពាំងយ្លៃ ឃុំ បឹងកន្ទួត ស្រុក ក្រគរ ខេត្តពោធិ៍សាត់បើករថយន្តម៉ាក KANGLIM  ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ៣F.៤៦៧៧ សុឺមីរឺម៉កពាក់ស្លាកលេខ ភ្នំពេញ ៤A.៥៨៣១ ។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមានបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ កំពង់ចាម ៣A.០៣០០ លើផ្លូវជាតិលេខ ០១ ក្នុងទិសដៅ​ពីជើងទៅត្បូង ដោយ មិនគោរពសិទ្ធិអាទិភាព ស្រាប់តែទៅបុកនិងរថយន្តមួយគ្រឿងទៀតម៉ាក KANGLIM  ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ៣F.៤៦៧៧ សុឺមីរុឺម៉កពាក់ស្លាកលេខ ភ្នំពេញ ៤A.៥៨៣១ ក្នុងទិសដៅពីលិចទៅកើត យ៉ាងពេញទំហឹងទាំងមេឃកំពុងភ្លៀងរលឹម បង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ធ្វើការវាស់វែងនិងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីដោះស្រាយពេលក្រោយ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖